Lewandowski អាចអវត្តមានជំនួប El Clasico ចុងខែនេះ ដោយសាររបួសសរសៃពួរ

15-10-2025 14:17

(បរទេស)៖ ខ្សែប្រយុទ្ធ Robert Lewandowski ទំនងជាអវត្តមាននៃជំនួបធំ El Clasico រវាង FC Barcelona និង Real Madrid នាចុងខែតុលា ដ្បិតកំពុងមានបញ្ហារបួសសរសៃពួរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កីឡាករវ័យ ៣៧ឆ្នាំរូបនេះ គឺជាអ្នករកបានគ្រាប់ទី២ សម្រាប់ជម្រើសជាតិប៉ូឡូញលេងជម្រុះ World Cup 2026 ប្រចាំតំបន់អឺរ៉ុប UEFA ដែលបានបំបាក់លីទុយអានី ២-០ កាលពីថ្ងៃអាទិត្យ នៅពេលអតីតខ្សែប្រយុទ្ធក្លឹប Bayern Munich រូបនេះជួបបញ្ហារបួស។

ទោះជាយ៉ាងណា Robert នឹងមិនអាចចូលលេងបានទេ ពេលម្ចាស់ការពារតំណែងជើងឯក La Liga ពើបប្រទះនឹង Girona នៅលីគអេស្ប៉ាញចុងសប្តាហ៍នេះ មុនពេលប្រឈមមុខនឹង Olympiakos នៅកម្មវិធី Champions League នាថ្ងៃអង្គារ មុនជំនួបទល់នឹង Real Madrid ក្នុងកីឡដ្ឋាន Bernabeu នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

ប្រព័ន្ធផ្សព្វផ្សាយនៅអេស្ប៉ាញបានឱ្យដឹងថា Robert នឹងអវត្តមានប្រហែល ៤សប្តាហ៍ បានចូលរួមជាមួយ Raphinha, Gavi, Dani Olmo, Marc-Andre ter Stegen និង Joan Garcia ដែលសុទ្ធសឹងតែមានរបួសដូចគ្នា នៅពេលខ្សែប្រយុទ្ធ Lamine Yamal និង Ferran Torres បានវិលត្រឡប់មកហ្វឹកហាត់វិញហើយ៕