Tim Cook និងមន្ត្រីជាន់ខ្ពស់ចិនជួបពិភាក្សាពីតួនាទី និងអនាគត Apple នៅក្នុងទីផ្សារចិន
15-10-2025 15:09
(បរទេស)៖ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន លោក Li Lecheng ត្រូវបានរាយការណ៍មកថាបានជួបពិភាក្សាជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុន Apple លោក Tim Cook នៅទីក្រុងប៉េកាំង។ ការជួបនេះមានគោលបំណងពិភាក្សាពីតួនាទី និងអនាគតនៃក្រុមហ៊ុន Apple នៅក្នុងទីផ្សារចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។

ក្នុងកិច្ចសន្ទនានេះ លោករដ្ឋមន្រ្តី Li បានបង្ហាញពីបំណងឲ្យ Apple បន្តវិនិយោគលើវិស័យនានាបន្ថែមទៀតនៅក្នុងប្រទេសចិន ហើយរួមចំណែកអភិវឌ្ឍវិស័យបច្ចេកវិទ្យារបស់ប្រទេស។ រដ្ឋាភិបាលចិនក៏បានធានាថា នឹងបន្តបង្កើតបរិយាកាសអាជីវកម្មល្អសម្រាប់ក្រុមហ៊ុនបរទេសផងដែរ។ ចិនកំពុងពង្រឹងទំនាក់ទំនងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិ ដើម្បីធានាថាពួកគេអាចចូលរួមវិនិយោគបានយ៉ាងជោគជ័យ និងមានស្ថិរភាព ទាំងផ្នែកច្បាប់និងបទបញ្ជា។
គួរជម្រាបថា Apple គឺជាផ្នែកសំខាន់មួយនៃសេដ្ឋកិច្ចបច្ចេកវិទ្យាចិន ជាពិសេសសម្រាប់ការផលិតគ្រឿងអេឡិចត្រូនិកនិងការផ្គត់ផ្គង់ឧបករណ៍បច្ចេកវិទ្យាពិភពលោក។ ការជួបជាមួយមន្ត្រីជាន់ខ្ពស់ចិនជារឿយៗជួយឲ្យ Apple មានការយល់ដឹងបន្ថែមអំពីគោលនយោបាយនាពេលក្រោយ និងបង្កើនទំនុកចិត្តក្នុងការវិនិយោគ៕