Broadcom វាយលុកទីផ្សារ AI ជាមួយបន្ទះឈីប Thor Ultra ថ្មី ព្រមទាំងចាប់ដៃគូជាមួយ OpenAI

15-10-2025 16:34

(បរទេស)៖ ក្រុមហ៊ុន Broadcom បានប្រកាសចេញនូវបន្ទះឈីបបណ្តាញថ្មី (Networking Chip) ឈ្មោះថា Thor Ultra ដែលជាយុទ្ធសាស្ត្រមួយដើម្បីបង្កើនការប្រកួតប្រជែងយ៉ាងខ្លាំងជាមួយក្រុមហ៊ុន Nvidia នៅក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI)។ បន្ទះឈីបនេះត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីបង្កើនលទ្ធភាពឱ្យប្រតិបត្តិករមជ្ឈមណ្ឌលទិន្នន័យ (Data Center) អាចភ្ជាប់បន្ទះឈីបរាប់រយពាន់បន្ទះជាមួយគ្នាប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្រាប់កសាង និងដំណើរការប្រព័ន្ធគណនាកុំព្យូទ័រ AI ខ្នាតយក្ស ដូចជាគំរូទិន្នន័យដែលប្រើសម្រាប់កម្មវិធី ChatGPT របស់ OpenAI ជាដើម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។

ការចេញលក់ Thor Ultra នេះកើតឡើងភ្លាមៗបន្ទាប់ពី Broadcom បានចុះកិច្ចព្រមព្រៀងដ៏ធំដើម្បីផ្គត់ផ្គង់បន្ទះឈីប AI ផ្ទាល់ខ្លួន (Custom Chips) កម្លាំង ១០ ជីហ្គាវ៉ាត់ សម្រាប់ក្រុមហ៊ុន OpenAI ដោយចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៦ ដែលជាការប្រកួតប្រជែងដោយផ្ទាល់នឹងឥទ្ធិពលរបស់ Nvidia។ នាយកប្រតិបត្តិ (CEO) Broadcom លោក Hock Tan បានប៉ាន់ស្មានថា ទីផ្សារសរុបសម្រាប់បន្ទះឈីប AI របស់ខ្លួនអាចឈានដល់ចន្លោះពី ៦០ ពាន់លានដុល្លារ ដល់ ៩០ ពាន់លានដុល្លារនៅឆ្នាំ ២០២៧។

គួរជម្រាបថា ដើម្បីសម្រេចបានគោលដៅនេះ Broadcom បានបង្កើនទ្វេដងនូវល្បឿនបញ្ជូន (Bandwidth) របស់ Thor Ultra បើធៀបនឹងជំនាន់មុន ហើយកំពុងផ្តោតខ្លាំងលើការរចនាបន្ទះឈីប ដោយទទួលបានប្រាក់ចំណេញរាប់ពាន់លានដុល្លារពីការជួយរចនាបន្ទះឈីបឱ្យក្រុមហ៊ុនយក្ស Cloud Computing ដូចជា Google ជាដើម។ នេះបញ្ជាក់ថា Broadcom កំពុងតែជំរុញខ្លួនឯងយ៉ាងខ្លាំងក្លាក្នុងនាមជាគូប្រជែងដ៏ធំបំផុតមួយរបស់ Nvidia នៅក្នុងហេដ្ឋារចនាសម្ព័ន្ធ AI៕