ក្លឹបធំៗនៅអឺរ៉ុប ចាប់ផ្តើមពិភាក្សាគ្នា ករណីផ្លាស់ប្តូរកីឡាករឱ្យបាន ៦នាក់ ក្នុង ១ប្រកួត
16-10-2025 10:24
(បរទេស)៖ បណ្តាក្លឹបកំពូលៗប្រចាំតំបន់អឺរ៉ុប UEFA ដោយមានក្រុមលេងនៅ Premier League ផងនោះ បានជួបប្រជុំគ្នា ដើម្បីពិភាក្សាលើការផ្លាស់ប្តូរកីឡាករឱ្យបាន ៦នាក់ក្នុង ១ប្រកួត ដើម្បីកាត់បន្ថយសម្ភាធរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ប្រធានបទនេះដែរ ត្រូវបានបំផុសក្នុងអង្គសន្និបាតប្រចាំឆ្នាំរបស់ European Football Clubs’ (EFC) ដែលត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Rome ប្រទេសអ៉ីតាលីកាលសប្តាហ៍មុន។
បើទោះបីជាមិនស្ថិតក្នុងរបៀបវារៈនៃ EFC ក៏ពិតមែន ក៏ប៉ុន្តែមានក្លឹបជាច្រើនបានជូនដំណឹង និងពិភាក្សាគ្នាជាលក្ខណៈឯកជន ក្នុងគោលបំណងបន្ថែមកីឡាករឱ្យបាន ២៨នាក់ពី ២៥នាក់សម្រាប់ ១ក្រុម និងប្តូរបាន ៦នាក់ក្នុង ១ប្រកួតទៀតផង។
បណ្តាក្លឹបធំៗនៅអង់គ្លេសមានដូចជា Manchester City, United, Liverpool, Arsenal និង Nottingham Forest សុទ្ធតែមានវត្តមាននៅក្នុងកិច្ចប្រជុំនៅអ៉ីតាលី ដ្បិតកន្លងមក Premier League ក៏បានធ្វើការផ្លាស់ប្តូរកីឡាករ ៥នាក់ ក្នុង ១ប្រកួតផងដែរនាអំឡុងខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងវិបត្តិការរីករាលដាលនៃជំងឺកូវីដ-១៩។
នៅចាំបានថា កាលពីខែមិថុនាកន្លងទៅ សហព័ន្ធ UEFA រួមទាំង EFC, FifPro Europe និង European Leagues ក៏បានសិក្សាអំពីភាពប្រសើរឡើងរបស់កីឡាករ បញ្ហារបួស កម្រិតនៃទម្រង់លេង ដែលជាសុខុមាលរបស់កីឡាករគ្រប់រូប៕