ពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី១៩ រកឃើញក្រុមឡើងវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ ក្រោយប្រកួតជម្រុះជិត ៣ខែ

16-10-2025 10:44

(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥/២៦ បានរកឃើញក្រុមឡើងវគ្គ ៨ក្រុមចុងក្រោយ(១/៤ផ្ដាច់ព្រ័ត្រ)ជាផ្លូវការហើយ ក្រោយចំណាយជិត ៣ខែ ក្នុងការប្រកួតជម្រុះតាមពូលនីមួយៗ។

ការប្រកួតថ្នាក់ខេត្តនេះ មានក្រុមចូលរួមសរុប ១៩ក្រុម និងបែងចែកជា ៥ពូល ដើម្បីធ្វើការប្រកួតសន្សំពិន្ទុ ២ជុំ ហើយក្រុមមានពិន្ទុខ្ពស់ជាងគេ ពោលគឺក្រុមឈរកំពូលតារាងនីមួយៗនិងក្រុមលេខ២ ល្អជាងគេ ៣ក្រុម ក្នុងចំណោម ៥ពូល នឹងទទួលបានកៅអីវគ្គ ៨ក្រុមចុងក្រោយ។

ជាលទ្ធផលក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញជិត ៣ខែ គេក៏បានរកឃើញបេក្ខភាពវគ្គ ១/៤ ផ្ដាច់ព្រ័ត្រនេះ ក្នុងនោះរួមមាន លេខ១ ពូលA ក្រុមមន្ទីរអប់រំ យុវជន និងកីឡាល ខេត្តកំពត, លេខ១ ពូលB ក្រុមភ្នំពេញហ្គាឡាក់ស៊ី, លេខ១ ពូលC ក្រុមសមាគមបាល់ទាត់ខេត្តត្បូងឃ្មុំ, លេខ១ ពូលD ក្រុមបាត់ដំបូងយូណាយធីត និងលេខ១ ពូលE ក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប។

ដោយឡែកក្រុមចំណាត់ថ្នាក់លេខ២ ល្អជា ដែលបានឡើងបង្គ្រប់កៅអីវគ្គ ៨ក្រុមចុងក្រោយនេះ គឺមានក្រុមសមាគមបាល់ទាត់ខេត្តព្រះសីហនុ ឈរតំណែងលេខ១ ក្នុងនាមក្រុមលេខ២ ល្អជាងគេ (ពូលA) ក្រុមមន្ទីរអប់រំ យុវជន និងកីឡាល ខេត្តកំពង់ចាម ឈរតំណែងលេខ២ ក្នុងនាមក្រុមលេខ២ ល្អជាងគេ (ពូលC) និងក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ ឈរតំណែងលេខ៣ ក្នុងនាមក្រុមលេខ២ ល្អជាងគេ (ពូលB)។

សម្រាប់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយនេះ គ្រោងនឹងធ្វើការប្រកួត ២ជុំ នាថ្ងៃទី២៩-២៩ ខែតុលា និងថ្ងៃទី១១-១២ ខែវិច្ឆិកាខាងមុខ ដើម្បីឈានទៅរកក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំនេះ៕