គ្រូបង្វឹក Conlan ថា Pacquiao គួរតែមើល Crocker ម្ចាស់ខ្សែក្រវាត់ IBF ជំនួសវិញ បើខកខានជាមួយ Romero
16-10-2025 11:21
(បរទេស)៖ លោក Jamie Conlan គ្រូបង្វឹកប្រដាល់របស់កីឡាករមកពីទីក្រុង Belfast បានថ្លែងថា កីឡាករប្រដាល់សកល Manny Pacquiao គួរបង្វែការចាប់អារម្មណ៍ទៅលើម្ចាស់ខ្សែក្រវាត់ IBF គឺ Lewis Crocker ជំនួសវិញ ប្រសិនបើការចរចាវ៉ៃជាមួយ Rolly Romero បរាជ័យ។

Crocker ដែលដណ្តើមបានខ្សែក្រវាត់ IBF welterweight ក្រោយផ្តួលគូប្រជែង Paddy Donovan ដោយពិន្ទុកាលពីខែកញ្ញា ឆ្នាំ២០២៥ រួមទាំងលោក Conlan ក៏បានជួបពិភាក្សាជាមួយលោក Frank Smith នាយកប្រតិបតិ្តផ្គូផ្គងប្រដាល់មកហើយដែរ ដើម្បីស្វែងរកគូប្រកួតបន្ទាប់។
ដោយថ្មីៗនេះដែរ លោក Conlan ក៏បានទម្លាយថា រូបលោកធ្លាប់បានទាក់ទងលោក Sean Gibbons គ្រូបង្វឹករបស់ Pacquiao ចំពោះលទ្ធភាពដែលអាចឱ្យ Crocker ប៉ះ Pac Man នៅថ្ងៃណាមួយ។
លោកបានថ្លែងប្រាប់ BBC Sport NI ថា «កាលពីយប់មិញ ខ្ញុំបានជួបលោក Sean Gibbons រួមទាំងក្រុមរបស់លោក Manny Pacquiao ទៀតផង។ ពួកគេព្យាយាមចរចាជាមួយ Rolly Romero មែនទែន។ ប្រសិនបើមិនអាចកើតឡើង នោះជាឱកាសសម្រាប់ពួកយើង ដើម្បីទាក់ទងវិញម្តង»។
សូមរំលឹកផងថា Pacquiao បានវិលមកកាន់សង្វៀនប្រដាល់វិញនាអំឡុងខែកក្កដា ឆ្នាំ២០២៥ ក្រោយពេលអវត្តមាន ៤ឆ្នាំ ដោយបានប្រកួតស្មើពិន្ទុជាមួយ Mario Barrios ម្ចាស់ខ្សែក្រវាត់ WBC នៅទឹកដីសហរដ្ឋអាមេរិក ដែលជាកំណត់ត្រាស្មើលើកទី៣ របស់កីឡាករហ្វីលីពីន វ័យ ៤៦ឆ្នាំរូបនេះ៕