TSMC រំពឹងបំបែកកំណត់ត្រាប្រាក់ចំណេញថ្មី កើនឡើង ២៨% ដោយសារតម្រូវការបន្ទះឈីប AI ហក់ឡើងខ្ពស់
16-10-2025 14:16
(បរទេស)៖ ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co (ហៅកាត់ TSMC) ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបបញ្ញាសិប្បនិមិត្ត (AI) កម្រិតខ្ពស់ធំជាងគេបំផុតនៅលើពិភពលោក ត្រូវបានគេព្យាករណ៍ថា នឹងប្រកាសពីការកើនឡើងនូវប្រាក់ចំណេញដ៏ច្រើនសន្ធឹកសន្ធាប់ដល់ ២៨% សម្រាប់ត្រីមាសទី ៣ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ កំណើនដ៏គួរឲ្យកត់សម្គាល់នេះ គឺដោយសារតម្រូវការដ៏គំហុកសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ AI ដែលកំពុងជំរុញទីផ្សារបច្ចេកវិទ្យាទូទាំងពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។

យោងតាមការព្យាករណ៍របស់អ្នកវិភាគ ក្រុមហ៊ុនផ្គត់ផ្គង់ដ៏សំខាន់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Nvidia និង Apple មួយនេះ ទំនងជានឹងរកបានប្រាក់ចំណេញសុទ្ធបានប្រមាណ ១៣.៦៥ ពាន់លានដុល្លារ សម្រាប់ត្រីមាសដែលបានបញ្ចប់នៅថ្ងៃទី ៣០ ខែកញ្ញា។ ភាពជោគជ័យនេះកើតឡើងបន្ទាប់ពីក្រុមហ៊ុនបានប្រកាសរួចហើយពីកំណើនប្រាក់ចំណូលចំនួន ៣០% ដែលលើសពីការព្យាករណ៍របស់ទីផ្សារទៅទៀត។ ប្រសិនបើលទ្ធផលពិតប្រាកដចេញមកលើសពីកម្រិតកំណត់នោះ វានឹងក្លាយជាការកើនឡើងប្រាក់ចំណេញជាប់ៗគ្នាក្នុងត្រីមាសទីប្រាំពីរសម្រាប់ក្រុមហ៊ុនមានមូលធនទីផ្សារប្រមាណ ១.២ ទ្រីលានដុល្លារ មួយនេះ។
ទោះជាយ៉ាងណាក៏ដោយ ទស្សនវិស័យនេះអាចនឹងមានភាពស្មុគស្មាញបន្តិចបន្តួចដោយសារកត្តាភូមិសាស្ត្រនយោបាយ ជាពិសេសគឺបញ្ហាពន្ធគយរបស់សហរដ្ឋអាមេរិក។ ថ្មីៗនេះ សហរដ្ឋអាមេរិកបានស្នើឲ្យក្រុមហ៊ុនតៃវ៉ាន់បំបែកការផលិតបន្ទះឈីបរបស់ពួកគេក្នុងអត្រា ៥០-៥០ រវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិក ដែលជាគំនិតមួយដែលតៃវ៉ាន់បានច្រានចោល។ យ៉ាងណាមិញ TSMC នៅតែបន្តវិនិយោគទឹកប្រាក់ ១៦៥ ពាន់លានដុល្លារ សាងសង់រោងចក្រថ្មីៗនៅក្នុងរដ្ឋអារីហ្សូណារបស់សហរដ្ឋអាមេរិកដដែល។
គួរជម្រាបថា ជារួម ភាគហ៊ុនរបស់ TSMC បានកើនឡើង ៣៦% រហូតមកដល់ឆ្នាំនេះ ដោយសារតែជំនឿលើភាពរីកចម្រើននៃបច្ចេកវិទ្យា AI ដែលបានជួយជំរុញឱ្យសន្ទស្សន៍ស្តង់ដារតៃវ៉ាន់ឡើងដល់ ១៨% ក្នុងរយៈពេលដូចគ្នា។ ការរីកចម្រើននេះបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុន TSMC កំពុងតែទាញយកផលប្រយោជន៍ដ៏ធំសម្បើមពីបដិវត្តន៍ AI សកលលោក ដោយបន្តរក្សាជំហរជាអ្នកដឹកនាំដែលមិនអាចខ្វះបានក្នុងវិស័យផលិតបន្ទះឈីបកម្រិតខ្ពស់៕