ដំណឹងថ្មី! ChatGPT នឹងអនុញ្ញាតមាតិកាសម្រាប់មនុស្សពេញវ័យចាប់ពីខែធ្នូ តាមរយៈការផ្ទៀងផ្ទាត់អាយុ
16-10-2025 17:05
(បរទេស)៖ ក្រុមហ៊ុន OpenAI ដែលជាម្ចាស់កម្មវិធី Chatbot បញ្ញាសិប្បនិម្មិតដ៏ល្បីល្បាញ ChatGPT បានប្រកាសពីការផ្លាស់ប្តូរគោលការណ៍ដ៏សំខាន់មួយ ដោយនឹងអនុញ្ញាតឱ្យមានមាតិកាសម្រាប់មនុស្សពេញវ័យ រួមទាំងប្រភេទ Erotica (មាតិកាដែលទាក់ទងនឹងស្នេហា ឬ ផ្លូវភេទ) ផងដែរ ចាប់ពីខែធ្នូ ឆ្នាំ ២០២៥ តទៅ។ ការអនុញ្ញាតនេះគឺសម្រាប់តែអ្នកប្រើប្រាស់ដែលបាន ផ្ទៀងផ្ទាត់អាយុ (Age-gating) ថាមានអាយុគ្រប់ ១៨ ឆ្នាំឡើងប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០២៥។

លោក Sam Altman នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន បានបញ្ជាក់ថា ការសម្រេចចិត្តនេះគឺជាផ្នែកមួយនៃគោលការណ៍ «ចាត់ទុកអ្នកប្រើប្រាស់ពេញវ័យដូចជាមនុស្សពេញវ័យ» (Treat Adult Users Like Adults) បន្ទាប់ពីក្រុមហ៊ុនបានរកឃើញមធ្យោបាយថ្មីដើម្បីដោះស្រាយ និងកាត់បន្ថយបញ្ហាសុខភាពផ្លូវចិត្តដែលធ្លាប់ជាមូលហេតុនៃការរឹតបន្តឹងខ្លាំងកាលពីពេលមុន។ លោក Altman បានពន្យល់ថា ពីមុនមក ChatGPT ត្រូវបានរឹតបន្តឹងខ្លាំងពេកដើម្បីការពារអ្នកប្រើប្រាស់ដែលងាយរងគ្រោះផ្នែកផ្លូវចិត្ត ប៉ុន្តែវិធីសាស្រ្តនេះបានធ្វើឱ្យ Chatbot មួយនេះ «មិនសូវមានប្រយោជន៍ និងរីករាយ» សម្រាប់អ្នកប្រើប្រាស់ពេញវ័យទូទៅ។
លោក Altman បន្ថែមថា ឥឡូវនេះ ដោយសារតែក្រុមហ៊ុនមានឧបករណ៍ថ្មីៗដែលអាចគ្រប់គ្រង និងទប់ស្កាត់បញ្ហាសុខភាពផ្លូវចិត្តបានហើយ ក្រុមហ៊ុននឹងអាចបន្ធូរបន្ថយដែនកំណត់ភាគច្រើនដោយសុវត្ថិភាពវិញ។ ជាមួយគ្នានេះ ការសម្រេចចិត្តរបស់ OpenAI ក៏ស្របទៅនឹងនិន្នាការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដែលកំពុងបែងចែកច្បាស់លាស់រវាងមាតិកាសម្រាប់មនុស្សពេញវ័យ និងក្មេងជំទង់។ ជាក់ស្តែង ក្រុមហ៊ុន Meta ក៏បានដាក់ចេញនូវការរឹតបន្តឹងមាតិកាដូចកម្រិតភាពយន្ត PG-13 សម្រាប់អ្នកប្រើប្រាស់ Instagram ដែលមានអាយុក្រោម ១៨ ឆ្នាំផងដែរ។
គួរជម្រាបថា ក្រៅពីការបន្ធូរបន្ថយមាតិកាសម្រាប់មនុស្សពេញវ័យ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ OpenAI ក៏នឹងបញ្ចេញកំណែថ្មីដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាច កំណត់សម្លេង និងបុគ្គលិកលក្ខណៈ របស់ ChatGPT តាមចំណូលចិត្តរបស់ខ្លួនបាន។ ឧទាហរណ៍ អ្នកប្រើប្រាស់អាចឱ្យ Chatbot ឆ្លើយតបលក្ខណៈដូចមនុស្សធម្មតា ប្រើប្រាស់ Emoji ច្រើន ឬធ្វើសកម្មភាពដូចជាមិត្តភក្តិ គឺអាស្រ័យលើការកំណត់របស់អ្នកប្រើប្រាស់។ ការផ្លាស់ប្តូរនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ OpenAI ក្នុងការផ្តល់នូវសេរីភាព និងបទពិសោធន៍ផ្ទាល់ខ្លួនកាន់តែច្រើនដល់អ្នកប្រើប្រាស់ពេញវ័យរបស់ខ្លួន៕