អ្នកច្បាប់សហរដ្ឋអាមេរិក៖ «កិច្ចព្រមព្រៀងអាជ្ញាប័ណ្ណនៃ algorithm របស់ TikTok អាចបង្កឱ្យមានការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ»

17-10-2025 09:43

(បរទេស)៖ នៅក្នុងសេចក្ដីថ្លែងការណ៍ថ្មីៗនេះ ក្រុមប្រឹក្សាសភាសហរដ្ឋអាមេរិកម្នាក់ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផែនការបង្កើតក្រុមហ៊ុន TikTok នៅអាមេរិកដោយឡែកថ្មីមួយ ដែលនឹងធ្វើកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណ (license) ដើម្បីប្រើប្រាស់ algorithm ពីក្រុមហ៊ុន TikTok ដែលមានមូលដ្ឋាននៅប្រទេសចិនគឺ ByteDance។

TikTok បានស្នើផែនការដែលនឹងបែងចែកសាខាសហរដ្ឋអាមេរិកចេញពីក្រុមហ៊ុនមេ ByteDance ហើយបង្កើតជាក្រុមហ៊ុនថ្មីដែលដឹកនាំដោយក្រុមហ៊ុនអាមេរិក ដូចជា Oracle និងក្រុមហ៊ុនវិនិយោគ Silver Lake។ ប៉ុន្តែ ដោយសារ algorithm ដែលសំខាន់បំផុតរបស់ TikTok មិនត្រូវបានលក់ឲ្យដោយផ្ទាល់នោះទេ ក្រុមហ៊ុនថ្មីនឹងត្រូវប្រើវាតាមរយៈកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណ។ algorithm នឹងត្រូវ «បណ្តុះបណ្តាលឡើងវិញ» ដោយប្រើទិន្នន័យអ្នកប្រើប្រាស់សហរដ្ឋអាមេរិក ហើយមានការត្រួតពិនិត្យដោយស្ថាប័នសន្តិសុខអាមេរិក។ លោក John Moolenaar ជាអ្នកច្បាប់នៅអាមេិរក និងជាប្រធានគណៈកម្មការជ្រើសពិសេសសភាអាមេរិកស្ដីពីប្រទេសចិន បានបង្ហាញថា ការទុកអំណាចឲ្យ ByteDance នៅតែគ្រប់គ្រង algorithm បើទោះជាបានអាជ្ញាប័ណ្ណ វានៅតែជាស្ថានការណ៍គួរឱ្យព្រួយបារម្ភ។ លោកស្នើឲ្យ TikTok សាខាអាមេរិក បង្កើត algorithm ថ្មីទាំងស្រុង ដោយគ្មានការចូលរួមពី ByteDance ដើម្បីធានាសុវត្ថិភាព។ លោក បានបង្ហាញការជំទាស់ដោយលលើកឡើងថា algorithm ទោះវាត្រូវបានបណ្តុះបណ្តាលឡើងវិញក៏ដោយ វានៅតែអាចមានប្រភពគ្រោះថ្នាក់ ឬ «backdoor» ដែលអាចឲ្យមានការបញ្ចេញឥទ្ធិពលពីប្រទេសចិនបាន។

គួរជម្រាបថា ការបារម្ភនេះពាក់ព័ន្ធនឹង សន្តិសុខជាតិ និងការចៀសវាងការបញ្ចេញឥទ្ធិពលពីរដ្ឋបាលចិន តាមរយៈ TikTok។ ច្បាប់ថ្មីអាមេរិក (Protecting Americans from Foreign Adversary Controlled Applications Act) បានកំណត់ឲ្យក្រុមហ៊ុនបរទេស ដូចជា ByteDance ត្រូវបញ្ឈប់ការគ្រប់គ្រងកម្មវិធី ដែលមានការចូលរួមប្រើប្រាស់ដច្រើនក្នុងជីវិតពលរដ្ឋអាមេរិក។ បើក្រុមហ៊ុនថ្មីនៅតែអាស្រ័យលើ algorithm ចិន នោះបញ្ហាជាក់ស្តែងគឺថា តើនរណាជាអ្នកគ្រប់គ្រងអ្វីដែលពលរដ្ឋអាមេរិកឃើញលើ TikTok?