LeBron, Ronaldo និង Brady ជាកត្តាជំរុញចិត្ត Djokovic បន្តលេងដល់វ័យ ៤០ឆ្នាំ

17-10-2025 09:57

(បរទេស)៖ តារាវាយកូនបាល់ Novak Djokovic ចង់ដើរតាមគន្លងរបស់កំពូលកីឡាករ LeBron James, Cristiano Ronaldo និង Tom Brady ក្នុងការបន្តអាជីពដល់វ័យ ៤០ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ជើងខ្លាំងរបស់ប្រទេសស៊ែប៊ី វ័យ ៣៨ឆ្នាំរូបនេះ បានគ្រងតំណែងជើងឯក ក្នុងក្របខណ្ឌ Grand Slam ២៤លើក និងបានឆ្លងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកម្មវិធីធំៗទាំង៤ ក្នុងឆ្នាំនេះទៀតផង។

Djokovic ត្រូវបានជ័យជម្នះនៅ Grand Slam តែ ១លើកទៀតប៉ុណ្ណោះ ដើម្បីបំបែកកំណត់ត្រាកីឡាការិនីសញ្ជាតិអូស្រ្តាលី Margaret Court ក្នុងការនាំមុខគេដាច់នៃក្របខណ្ឌកំពូលពិភពលោកមួយនេះ ដ្បិតបច្ចុប្បន្ននេះ រូបគេពុំទាន់មានគម្រោងចូលនិវត្តន៍នៅឡើយទេ គិតចាប់តាំងពីប្រឡូកក្នុង Tennis នាឆ្នាំ២០០៣ មក។

ការថ្លែងក្នុងសន្និសីទនៅឯកម្មវិធី Joy Forum ស្ថិតក្នុងទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត Djokovic បានឱ្យដឹងថា «ភាពយូរអង្វែងរបស់រៀមច្បង គឺជាកត្តាជំរុញចិត្តមួយដ៏ធំរបស់ខ្ញុំ។ ខ្ញុំតែងតែសញ្ជឹងគិតថា តើខ្ញុំអាចលេងបានយូរប៉ុណ្ណា បើប្រៀបទៅនឹងកីឡាករដទៃលើលោក។ តួយ៉ាងមានដូចជា LeBron James នៅតែអាចលេងបានខ្លាំង រួមទាំង Ronaldo វ័យ ៤០ឆ្នាំទៅហើយ និង Tom Brady នៅតែអាចលេងបាន»

លោកថា «ពួកគេទាំងនោះ ជាកត្តាជំរុញចិត្តខ្ញុំយ៉ាងខ្លាំង»