ពុំមានអ្នកគាំទ្រណាម្នាក់នៃក្លឹប Tel Aviv ត្រូវបានអនុញ្ញាតឱ្យចូលទស្សនាទល់នឹង Aston នៅ UEL ឡើយ

17-10-2025 10:27

(បរទេស)៖ ក្រុមអ្នកគាំទ្រនៃក្លឹបបាល់ទាត់ Maccabi Tel Aviv របស់អ៉ីស្រាអែល ពុំត្រូវបានអនុញ្ញាតឱ្យចូលទស្សនា នៅកីឡដ្ឋាន Villa Park ទល់នឹង Aston Villa ឡើយក្នុងកម្មវិធី Europa League 2025-26 ដោយសារបារម្ភរឿងសន្តិសុខ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ប៉ូលីសប្រចាំតំបន់ West Midlands បានបង្ហាញក្តីព្រួយបារម្ភរបស់ពួកគេ ចំពោះភាពដែលអាចកើតមានឡើងជាយថាហេតុ នាអំឡុងការប្រកួតទល់នឹងក្រុមមកពីអ៉ីស្រាអែលនៅ Villa Park រាត្រីថ្ងៃព្រហស្បតិ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។

ស្ថាប័នការពារសន្តិសុខមួយនេះបានឱ្យដឹងថា ការប្រកួតបន្តបន្ទាប់មកទៀត នឹងត្រូវបានរឹតបន្តឹងសន្តិសុខខ្លាំងឡើងបន្ថែមទៀត ស្របពេលអ្នកនាំពាក្យបានថ្លែងថា «ការសម្រេចចិត្តនេះ គឺផ្អែកលើករណីដែលធ្លាប់កើតមានកន្លងមក បង្កជាអំពើហឹង្សា និងអាចឈានដល់ឧក្រិដ្ឋកម្មទៀតផង នាអំឡុងជំនួបនៅ Europa League 2024 រវាង Ajax និង Maccabi Tel Aviv នៅក្នុងទីក្រុង Amsterdam»

ករណីផ្លាស់ប្តូរនេះដែរ នាំឱ្យមានការរិះគន់ជាខ្លាំងពីសំណាក់អ្នកនយោបាយ ដោយក្នុងនោះក៏មាននាយករដ្ឋមន្រ្តីអង់គ្លេស លោក Sir Keir Starmer ដែលបានហៅថា «វាជាការសម្រេចចិត្តខុស»