ផ្អើលពេញព្រលាន! ពួក Hacker លួចចូលប្រព័ន្ធបំពងសម្លេងនៅព្រលានយន្តហោះ ៤ កន្លែងនៅអាមេរិក-កាណាដា ផ្សាយសារសរសើរហាម៉ាស់ និងរិះគន់លោកត្រាំ

17-10-2025 11:25

(បរទេស)៖ នៅថ្ងៃអង្គារសប្តាហ៍នេះ ត្រូវបានគេរាយការណ៍ថា ពួក Hacker បានធ្វើការវាយលុកចូលទៅក្នុងប្រព័ន្ធបំពងសម្លេងសាធារណៈ (PA systems) នៃអាកាសយានដ្ឋានតូចៗចំនួន ៤ កន្លែង ក្នុងនោះ ៣ នៅប្រទេសកាណាដា និង ១ នៅសហរដ្ឋអាមេរិក។ ពួក Hacker ទាំងនោះបានចាក់ផ្សាយនូវសារមួយដែលសរសើរដល់ក្រុមហាម៉ាស់ (Hamas) និងរិះគន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។ ហេតុការណ៍នេះ បានបង្កឱ្យមានការស៊ើបអង្កេតជាបន្ទាន់ពីសំណាក់អាជ្ញាធរទាំងសងខាង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។

យោងតាមប៉ូលីសកាណាដា (RCMP) ប្រចាំទីក្រុង Kelowna រដ្ឋ British Columbia បានចេញសេចក្តីថ្លែងការណ៍ថា «សេវាកម្មផ្សាយពាណិជ្ជកម្មតាមស្ទ្រីម» នៅអាកាសយានដ្ឋានអន្តរជាតិ Kelowna «ត្រូវបានលួចចូលបណ្ដោះអាសន្ន ហើយខ្លឹមសារដែលគ្មានការអនុញ្ញាតត្រូវបានចែករំលែក»។ ស្របពេលជាមួយគ្នានោះ នៅអាកាសយានដ្ឋានអន្តរជាតិ Victoria ក្នុងរដ្ឋ British Columbia ពួក Hacker ក៏បានផ្សាយសារជាភាសាបរទេស និងចាក់តន្ត្រីតាមប្រព័ន្ធ PA ផងដែរ។ អ្នកនាំពាក្យអាកាសយានដ្ឋាន Victoria បានបញ្ជាក់យ៉ាងច្បាស់ថា ពួក Hacker បានចូលប្រើប្រព័ន្ធនេះតាមរយៈកម្មវិធីរបស់ភាគីទីបី មុនពេលដែលអាកាសយានដ្ឋានអាចប្តូរទៅប្រព័ន្ធផ្ទៃក្នុងវិញ ដើម្បីគ្រប់គ្រងស្ថានការណ៍។

ការវាយលុកស្រដៀងគ្នានេះ ក៏បានកើតឡើងនៅសហរដ្ឋអាមេរិក គឺនៅអាកាសយានដ្ឋានអន្តរជាតិ Harrisburg រដ្ឋ Pennsylvania។ លេខាធិការក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក លោក Sean Duffy បានបញ្ជាក់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមថា រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) និងមន្ត្រីអាកាសយានដ្ឋានកំពុងស៊ើបអង្កេតលើការលួចចូលនេះ។ ចំណែកឯអាកាសយានដ្ឋានអន្តរជាតិ Windsor រដ្ឋ Ontario ប្រទេសកាណាដា ក៏ត្រូវគេលួចចូលទាំងអេក្រង់បង្ហាញព័ត៌មានជើងហោះហើរ និងប្រព័ន្ធ PA ផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់អាកាសយានដ្ឋាននេះបានបញ្ជាក់ថា ការលួចចូលនេះកើតចេញពីការវាយប្រហារទៅកាន់ «អ្នកផ្តល់កម្មវិធី cloud (cloud-based software provider)» ដែលប្រើប្រាស់ដោយអាកាសយានដ្ឋាន ហើយ «ប្រព័ន្ធរបស់យើងបានវិលត្រឡប់មកធម្មតាវិញភ្លាមៗបន្ទាប់ពីនោះ»

គួរបញ្ជាក់ថា អាជ្ញាធរ និងទីភ្នាក់ងារសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតនានា នៅទាំងកាណាដា និងសហរដ្ឋអាមេរិក កំពុងសហការគ្នាស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់លើករណីនេះ ដែលបានបង្ហាញពីភាពងាយរងគ្រោះនៃប្រព័ន្ធបច្ចេកវិទ្យានៅតាមអាកាសយានដ្ឋានតូចៗទាំង ៤ ខាងលើ៕