កីឡាបញ្ចស៊ីឡាត់ តាំងចិត្តដណ្ដើមមេដាយមុនគេ ដើម្បីសាងទំនុកចិត្តដល់អត្តពលិកកម្ពុជាផ្សេងទៀត ក្នុងការប្រកួតកីឡាយុវជនអាស៊ី នៅបារ៉ែន

17-10-2025 11:51

(ភ្នំពេញ)៖ កីឡាបញ្ចស៊ីឡាត់ គឺជាអត្តពលិកកម្ពុជាដំបូងគេ ក្នុងចំណោម ១៤ប្រភេទកីឡា ដែលបានចេញទៅប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន កាលពីថ្ងៃរាត្រីថ្ងៃព្រហស្បតិ៍កន្លងទៅ ។ ក្នុងនាមប្រភេទកីឡា ដែលត្រូវធ្វើការប្រកួតមុនគេ នាថ្ងៃទី១៩-២០ ខែតុលាចុងសប្ដាហ៍នេះ លោក វី តារា គ្រូបង្វឹកកីឡាបញ្ចស៊ីឡាត់ជម្រើសជាតិកម្ពុជា បានប្ដេជ្ញាចិត្តនឹងជំរុញកូនសិស្សក្នុងការដណ្ដើមមេដាយឲ្យបាន ដើម្បីសាងទំនុកចិត្តដល់អត្តពលិកដល់អត្តពលិកផ្សេងៗទៀត ក្នុងដំណើរឆ្ពោះទៅប្រជែងមេដាយជូនជាតិផងដែរ។

លោក វី តារា បានគូសបញ្ជាក់មុនចាកចេញពីមាតុភូមិថា បេសកកម្មនេះ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ២រូប ចូលរួមការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅបារ៉ែន រួមមានកីឡាករ ហុក ដានីញ៉ែល និងកីឡាការិនី ដេត ស្រីយ៉ាល ។ ទោះបីអ្នកទាំងពីរ នៅមានបទពិសោធន៍ក្មេងខ្ចី តែឆ្លងកាត់ការខំប្រឹងហ្វឹកហាត់ ជាមួយគ្រូបង្វឹកក្នុងស្រុក ក៏ដូចជាគ្រូបង្វឹកឥណ្ឌូនេស៊ី ដែលជាម្ចាស់ក្បាច់គុនផ្ទាល់ រយៈពេល ៣ខែកន្លងមក សមត្ថភាពពួកគេ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដែលអាចឈានទៅដណ្ដើមមេដាយជូនជាតិ។

តាមរយៈការខំប្រឹងប្រែងនេះ លោកសង្ឃឹមថា កីឡាករ-កីឡាការិនីវ័យក្មេងកម្ពុជា នឹងព្យាយាមអស់ពីសមត្ថភាព ហើយឈានទៅដណ្ដើមមេដាយកម្រិតណាមួយ ក្នុងព្រឹត្តិការណ៍កីឡាយុវជនកម្រិតទ្វីបនេះ ពិសេសក្នុងនាមប្រភេទកីឡាកម្ពុជាដំបូង ដែលត្រូវធ្វើការប្រកួតមុនគេ នាថ្ងៃទី១៩-២០ ខែតុលា ដើម្បីជាការបើកផ្លូវ និងលើកទឹកចិត្តដល់បណ្ដាអត្តពលិកកីឡាកម្ពុជា ១៣ប្រភេទកីឡាផ្សេងទៀត ដែលត្រៀមនឹងធ្វើការប្រកួតជាបន្ដបន្ទាប់ ។ យ៉ាងណាមិញលោកក៏សម្ដែងក្ដីបារម្ភ ចំពោះដៃគូប្រកួតប្រជែងដ៏ស្វិតស្វាញ រួមមានម្ចាស់ផ្ទះបារ៉ែន ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ីជាដើម។

គួរដឹងថា ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ នឹងប្រព្រឹត្តទៅពីថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន ប៉ុន្ដែមុនពិធីបើកការប្រកួតផ្លូវការ នឹងមានកីឡាមួយចំនួន ត្រូវធ្វើការប្រកួតជាបណ្ដើរៗ ជាក់ស្ដែងកីឡាបញ្ចស៊ីឡាត់ ។ ចំពោះកម្ពុជា នៅមានកីឡា ១៣ប្រភេទផ្សេងទៀត ដែលនឹងត្រូវចេញដំណើរជាបន្ដបន្ទាប់ រួមមានកីឡាអត្តពលកម្ម, ហែលទឹក, វាយសី, បាល់បោះ៣x៣, យូដូ, គុនខ្មែរ, ជីជីតស៊ូ, គុនចម្រុះ, វាយកូនឃ្លីលើតុ, តេក្វាន់ដូWT, ចំបាប់, លើកទម្ងន់ និងកីឡាបាល់ទាត់លើតុ៕