Oracle បង្ហាញក្តីរំពឹងខ្ពស់៖ ចំណូល Cloud ដល់ជាង ១៦០ ពាន់លានដុល្លារត្រឹមឆ្នាំ២០៣០ ក្រោយទាក់ទាញអតិថិជនធំៗដូចជា Meta
17-10-2025 12:51
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Oracle បានប្រកាសនូវការព្យាករណ៍ដ៏គួរឱ្យចាប់អារម្មណ៍មួយ ដោយរំពឹងថា ចំណូលពីសេវាកម្ម Cloud Infrastructure នឹងកើនឡើងយ៉ាងខ្លាំងដល់ ១៦៦ ពាន់លានដុល្លារ ដែលស្មើ ៧៥% នៃចំណូលសរុប ត្រឹមឆ្នាំសារពើពន្ធ ២០៣០។ ជាមួយគ្នានោះ ចំណូលសរុបរបស់ក្រុមហ៊ុនត្រូវបានព្យាករណ៍ថាអាចឡើងដល់ ២២៥ ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។

កំណើនដ៏ច្រើននេះ គឺបណ្ដាលមកពីការហូរចូលនៃកិច្ចសន្យាថ្មីៗពីអតិថិជនធំៗ។ នាយកប្រតិបត្តិ (CEO) លោក Clay Magouyrk បានអះអាងថា កំណើននេះមិនពឹងផ្អែកតែលើក្រុមហ៊ុន OpenAI មួយទេ ប៉ុន្តែមកពីអតិថិជនផ្សេងទៀត។ លោកបានបញ្ជាក់ថា ក្នុងរយៈពេលតែ ៣០ ថ្ងៃ ក្រុមហ៊ុនបានចុះកិច្ចសន្យាថ្មីរហូតដល់ ៦៥ ពាន់លានដុល្លារ ដែលរួមបញ្ចូលទាំងកិច្ចព្រមព្រៀងដ៏ធំ ២០ ពាន់លានដុល្លារ ជាមួយក្រុមហ៊ុន Meta Platforms ផងដែរ។ លោក Magouyrk បានថ្លែងបញ្ជាក់ថា៖ «ខ្ញុំដឹងថា មនុស្សមួយចំនួនកំពុងសួរថា "តើវាគ្រាន់តែជា OpenAI ទេ?" ការពិតគឺ យើងគិតថា OpenAI គឺជាអតិថិជនដ៏អស្ចារ្យ ប៉ុន្តែយើងមានអតិថិជនច្រើនណាស់»។
ទន្ទឹមនឹងការបង្ហាញតួលេខចំណូលខ្ពស់ ក្រុមហ៊ុនក៏បានឆ្លើយតបចំពោះកង្វល់របស់វិនិយោគិនទាក់ទងនឹងប្រាក់ចំណេញផងដែរ។ Oracle រំពឹងថា ចំណែកប្រាក់ចំណេញដើម (ឬ ប្រាក់ចំណេញដែលសល់ពីថ្លៃដើមផលិត) សម្រាប់សេវា AI Cloud នឹងនៅចន្លោះ ៣០% ទៅ ៤០% ដោយសារថ្លៃដើមខ្ពស់នៃការដំណើរការហេដ្ឋារចនាសម្ព័ន្ធ AI។ ខណៈសេវា Cloud បែបប្រពៃណីនៅតែអាចរក្សាបានចំណែកប្រាក់ចំណេញដើមខ្ពស់ចន្លោះ ៦៥% ទៅ ៨០% ដដែល។ ការបង្ហាញតួលេខច្បាស់លាស់នេះ គឺក្នុងគោលបំណងធានាដល់វិនិយោគិនអំពីនិរន្តរភាព និងប្រសិទ្ធភាពនៃការចំណាយរបស់ក្រុមហ៊ុន៕