វិសាខា និងដៃគូ បង្ហើបគម្រោងង្កើតពានយុវជនជាហូរហែ ដើម្បីជំរុញសក្ដានុពលថ្នាលបាល់ទាត់កម្ពុជា
17-10-2025 15:16
(ភ្នំពេញ)៖ ក្រៅពីការខិតខំបណ្ដុះបណ្ដាលថ្នាលយុវជនជាច្រើនកម្រិត ក្លិបបាល់ទាត់ វិសាខា បាននឹងកំពុងជំរុញឲ្យមានការរៀបចំពានរង្វាន់កម្រិតយុវជនជាច្រើន ដើម្បីផ្ដល់ឱកាសឲ្យក្មេងៗបានចូលរួមប្រកួត បង្ហាញនូវទេពកោសល្យ និងសមត្ថភាព ជាក់ស្ដែងក្លិបកំពុងដំណើរការប្រកួតពានរង្វាន់ Visakha Cup U14 លើកទី១ ហើយចំពោះមុខ ក្លិបក៏គ្រោងនឹងពង្រីកការរៀបចំពានយុវជនជាហូរហែ ក្រោយទទួលបានភ្លើងខៀវពីក្រុមហ៊ុនដៃគូសហការផងដែរ។

នេះបើតាមការបង្ហើបរបស់លោក មាស ចាន់ណា នាយកបច្ចេកទេសក្លិប វិសាខា កំឡុងដំណើរទស្សនកិច្ចរបស់ក្រុមការងារគ្រូ និងកីឡាករយុវជនរបស់ខ្លួន ទៅកាន់រោងចក្រផលិតភេសជ្ជៈ Yeo’s កាលពីថ្ងៃទី១៦ ខែតុលាកន្លងទៅ នៅតំបន់សេដ្ឋកិច្ចពិសេស(ខណ្ឌកំបូល) ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីលោកស្រី ហេង សុទ្ធាវី អគ្គនាយិកាក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ហ៊្វូដ & បេវើរីច។
ក្រោយដំណើរទស្សនកិច្ចខាងលើ លោក មាស ចាន់ណា បានបង្ហាញនូវមោទនភាពជាខ្លាំង ដែលកម្ពុជាមានរោងចក្រផលិតភេសជ្ជៈលំដាប់អន្ដរជាតិក្នុងស្រុកបែបនេះ ហើយលោកកាន់តែរីករាយ ដែលថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន បានរួមចំណែកយ៉ាងសកម្មភាពក្នុងការងារសង្គម រួមទាំងវិស័យកីឡា ពិសេសកីឡាបាល់ទាត់។ ជាក់ស្ដែងក្រោយក្លាយជាដៃគូសហការរបស់ក្លិប ភាគីទាំងពីរ បាននឹងកំពុងពិភាក្សា ដើម្បីឈានទៅរកការបង្កើតពានយុវជនជាច្រើន ដោយរំពឹងនឹងលេចចេញជារូបរាងនាពេលឆាប់ៗ។
ក្នុងនោះលោកក៏បានបង្ហើបផងដែរថា ផ្អែកលើកិច្ចសហការភាគច្រើន នឹងមានកម្មវិធីជាច្រើន នាឆ្នាំ២០២៦ តែចំពោះមុខ ភាគីទាំងពីរ បាននឹងកំពុងពិភាក្សាអំពីផែនការរៀបចំពានយុវជន U14 មួយនាចុងឆ្នាំ២០២៥ នេះ ដើម្បីបង្កើនឲ្យមានការប្រកួតច្រើនសម្រាប់យុវជន ។ នេះគឺជាចំណុចដ៏ល្អ ដែលក្រុមហ៊ុនភេសជ្ជៈ Yeo’s បានផ្តោតលើយុវជន ហើយប្រសិនបើពានទាំងអស់នោះ លេចចេញជារូបរាង លោករំពឹងថា នឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន សម្រាប់ធនធានថ្នាលបាល់ទាត់ និងអនាគតកីឡាករជម្រើសជាតិកម្ពុជា។
លោកថា កន្លងមកពានរង្វាន់កម្រិតយុវជន ឬថ្នាល មិនសូវមានការប្រកួតនោះទេ ហើយបើមាន ក៏តិចប្រកួត ឬប្រកួតតែ ១ថ្ងៃចប់ តែវិសាខា កំពុងសម្រួចទៅរកការរៀបចំរយៈពេលវែង ដើម្បីសម្រួចសក្ដានុពលថ្នាលបាល់ទាត់កម្ពុជា ដោយក្លិបគ្រោងនឹងពង្រីកការរៀបចំកាន់តែធំ នាចុងឆ្នាំនេះ ដែលគ្រោងមានក្រុមយុវជន ៨ក្រុមចូលរួម ។ ដូច្នេះបើការពិភាក្សារលូន និងមានការគាំទ្រពីដៃគូ លោកសង្ឃឹមថា ពានរង្វាន់យុវជនថ្មីមួយទៀត នឹងកើតឡើងនាចុងខែវិច្ឆិកា ឬខែធ្នូខាងមុខ។
លោក មាស ចាន់ណា បន្ថែមថា «ការបង្កើតពានយុវជនឡើង គឺជាចំណុចល្អមួយសម្រាប់អនាគតបាល់ទាត់កម្ពុជា ហើយយើងរំពឹងថា នឹងលេចចេញជារូបរាងទាក់ទងនឹងពានយុវជន ។ អ៊ីចឹងផែនការរបស់យើង យើងមានថ្នាល និងមានរៀបចំពាន ដើម្បីបង្កើតឱកាសលេង ហើយលេងឲ្យបានច្រើនប្រកួតថែមទៀត មិនមែនលេង ១ប្រកួត ឬ ២ប្រកួត ឬលេងតែ ១ថ្ងៃចប់ទេ ។ យើងចង់ធ្វើបែបនេះ ដើម្បីពង្រឹងសក្ដានុពលធនធានបន្ដវេន ហើយកីឡាករអាចមានអនាគតកាន់តែល្អប្រសើរសម្រាប់បាល់ទាត់កម្ពុជាយើង»។
ទន្ទឹមជាមួយគ្នា លោកស្រី ហេង សុទ្ធាវី បានសម្ដែងក្ដីរីករាយជាមួយដំណើរទស្សនកិច្ចរបស់ក្រុមការងារ និងកីឡាករ វិសាខា ។ ក្នុងនាមក្រុមហ៊ុន ដែលមានរោងចក្រយូរឆ្នាំនៅកម្ពុជា លោកស្រីរំពឹង ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកផ្សព្វផ្សាយ និងគាំទ្រផលិតផលក្នុងស្រុក ដែលមានរោងចក្រមានសមត្ថភាពក្នុងការផលិតនាំចេញទៅទីផ្សារអាមេរិក កូរ៉េ និងវៀតណាម ជាមួយបុគ្គលិកខ្មែរ ១០០%។
ចំពោះកិច្ចសហការជាមួយ វិសាខា លោកស្រីបានបញ្ជាក់ជំហរដ៏រឹងមាំ អំពីផែនការត្រៀមរៀបចំពានរង្វាន់កម្រិតយុវជនជាច្រើន ជាក់ស្ដែងលោកស្រីកំពុងសិក្សាជាមួយក្លិប ក្នុងការបង្កើតពានរង្វាន់ U14 ថ្មីមួយ ដោយរំពឹងពាននេះ នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗ។ មិនតែប៉ុណ្ណោះ លោកស្រីក៏បានបង្ហើបតម្រុយ អំពីការរៀបចំកញ្ចប់ថវិកា សម្រាប់ចូលរួមជាមួយវិសាខា ក្នុងការផ្ដល់ឱកាសដល់កុមារចាប់ពីអាយុ ៨ឆ្នាំឡើង បានបញ្ចេញសមត្ថភាព តាមរយៈការប្រកយតពានរង្វាន់ថ្នាលផ្សេងៗ នាឆ្នាំ២០២៦ ដើម្បីឈានទៅសម្រេចក្ដីស្រម៉ៃក្លាយជាកីឡាករអាជីព នាថ្ងៃអនាគតទៀតផង៕