និមិត្តសញ្ញាថ្មី៖ អាមេរិក បោះពុម្ពកាក់ ១ដុល្លារ រូបលោក Steve Jobs ក្នុងកាយវិការ «គិតពិចារណា»

18-10-2025 08:41

(បរទេស)៖ រោងចក្របោះពុម្ពកាក់អាមេរិក (US Mint) បានប្រកាសបង្ហាញជាផ្លូវការនូវការរចនាកាក់អនុស្សាវរីយ៍ប្រាក់ ១ ដុល្លារ ថ្មី ដែលនឹងមានរូបលោក Steve Jobs អតីតសហស្ថាបនិក និងជានាយកប្រតិបត្តិដ៏ល្បីរបស់ក្រុមហ៊ុន Apple។ កាក់នេះ ជាផ្នែកមួយនៃកម្មវិធីប្រចាំឆ្នាំ «American Innovation $1 Coin Program» សម្រាប់ឆ្នាំ ២០២៦ ដែលមានគោលដៅលើកតម្កើងអ្នកត្រួសត្រាយផ្លូវ និងនវានុវត្តន៍សំខាន់ៗរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ​ GSMArena នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។

កាក់នេះតំណាងឱ្យរដ្ឋកាលីហ្វ័រញ៉ា ដែលជាទីកន្លែងកំណើតនៃនវានុវត្តន៍របស់លោក Jobs។ រូបរាងកាក់បង្ហាញពីលោក Jobs វ័យក្មេងម្នាក់កំពុងអង្គុយបត់ជើងយ៉ាងស្ងៀមស្ងាត់ នៅមុខទេសភាពធម្មជាតិដ៏ស្រស់បំព្រងនៃភ្នំ និងដើមឈើអុកនៅរដ្ឋកាលីហ្វ័រញ៉ា។ យោងតាម US Mint កាយវិការក្នុងភាពគិតពិចារណានេះ ចង់បង្ហាញថាបរិស្ថានធម្មជាតិ បានជំរុញចក្ខុវិស័យរបស់លោកក្នុងការបំប្លែងបច្ចេកវិទ្យាស្មុគស្មាញ ឲ្យក្លាយជាអ្វីដែលងាយស្រួលប្រើ និងមានលក្ខណៈសាមញ្ញដូចធម្មជាតិ។

នៅលើកាក់នេះ ក៏មានការចារអក្សរយ៉ាងច្បាស់លាស់ថា «United States of America», «California», «Steve Jobs» និងឃ្លាដ៏ល្បីដែលលោកបានបន្សល់ទុកជាកេរដំណែលថា «Make something wonderful» (បង្កើតអ្វីដែលអស្ចារ្យ)។ ការលើកតម្កើងនេះ គឺជាការទទួលស្គាល់ដ៏ធំមួយចំពោះតួនាទីសំខាន់របស់លោក Jobs ក្នុងការផ្លាស់ប្តូរទាំងស្រុងនូវឧស្សាហកម្មបច្ចេកវិទ្យា និងរបៀបរស់នៅរបស់ពិភពលោក។

គួរជម្រាបថា កាក់អនុស្សាវរីយ៍នេះ ត្រូវបានរំពឹងថានឹងត្រូវផលិត និងដាក់លក់នៅក្នុងឆ្នាំ ២០២៦។ គួរបញ្ជាក់ថា កាក់នេះមិនមែនសម្រាប់ចរាចរណ៍ទូទៅនោះទេ ប៉ុន្តែនឹងក្លាយជាវត្ថុប្រមូលទុកដ៏មានតម្លៃ និងទាក់ទាញបំផុតសម្រាប់អ្នកគាំទ្របច្ចេកវិទ្យា ក៏ដូចជាអ្នកចូលចិត្តប្រមូលកាក់ទូទាំងសកលលោក៕