លោក Potter បានកំពុងចរចា ដើម្បីក្លាយខ្លួនជាគ្រូបង្វឹកថ្មីរបស់ប្រទេសស៊ុយអែត

18-10-2025 09:55

(បរទេស)៖ អតីតអ្នកចាត់ការទូទៅក្លឹបញញួរធំ West Ham United គឺលោក Graham Potter បានកំពុងចរចា ដើម្បីក្លាយគ្រូបង្វឹកថ្មីនៃក្រុមស្ថិតនៅអឺរ៉ុប ស៊ុយអែត។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

បុរសវ័យ ៥០ឆ្នាំរូបនេះ ក៏បានបញ្ចេញចំណាប់អារម្មណ៍ចំពោះស៊ុយអែតកាលពីដើមសប្តាហ៍នេះដែរ ដែលនឹងអាចចូលកាន់តួនាទីឆាប់ៗនេះ ដើម្បីជំនួសកៅអីគ្រូបង្វឹកសញ្ជាតិដាណឺម៉ាក លោក Jon Dahl Tomasson ដែលត្រូវបានដកតួនាទីកាលពីថ្ងៃអង្គារ ក្រោយមិនមានកៅអីលេង World Cup ឆ្នាំក្រោយ។

មែនទែនទៅ លោក Potter ក៏ទើបត្រូវបានក្លឹបអង់គ្លេស West Ham ដកតួនាទីមកដែរកាលពីខែកញ្ញា បន្ទាប់ពីដឹកនាំបាន ៨ខែប៉ុណ្ណោះ។ កន្លងមកលោកក៏ធ្លាប់ជាគ្រូបង្វឹកជោគជ័យ ១រូបនៅស៊ុយអែតដែរ តាមរយៈដឹកនាំក្លឹបអាជីព Ostersunds FK ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៨។

គ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះបានដឹកនាំ Ostersunds តាំងពីលេងក្នុងក្របខណ្ឌទី៤ ស៊ុយអែត ឡើងមកកាន់លីគកំពូលវិញ និងឈានដល់ដណ្តើមបានជើងឯកពាន Swedish Cup ថែមទៀតក្នុងឆ្នាំ២០១៧៕