រដ្ឋាភិបាលអង់គ្លេស ពុះពារគ្រប់យ៉ាង ដើម្បីឱ្យមានអ្នកគាំទ្រអ៉ីស្រាអែល បានទស្សនាការប្រកួតឡើងវិញ
18-10-2025 10:07
(ឡុងដ៍)៖ រដ្ឋាភិបាលអង់គ្លេសបានឱ្យដឹងថា «បានកំពុងធ្វើគ្រប់យ៉ាងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន» ដើម្បីឱ្យមានវត្តមានអ្នកគាំទ្រខាងក្លឹប Maccabi Tel Aviv របស់អ៉ីស្រាអែលបានចូលទស្សនាការប្រកួតបាល់ទាត់នាឆាប់ៗនេះ នៅទីក្រុង Birmingham។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា សកម្មភាពនេះបានកើតឡើង ក្រោយពេលភាគីក្លឹប Aston Villa បានប្រកាសពីការសម្រេចមិនឱ្យមានវត្តមានក្រុមអ្នកគាំទ្រមកពីអ៉ីស្រាអែលចូលក្នុងកីឡដ្ឋាន Villa Park នៅពេលពួកគេប្រកួតទល់នឹង Tel Aviv នាដើមខែក្រោយនេះ ក្នុងពានលំដាប់ទី២ អឺរ៉ុប UEFA Europa League ដោយបារម្ភរឿងសុវត្ថិភាព។
ស្ថិតក្នុងស្ថានភាពបែបនេះ រដ្ឋាភិបាលអង់គ្លេសបានគូសបញ្ជាក់ថា នឹងធ្វើការយ៉ាងខ្ជាប់ខ្ជួនជាមួយមន្រ្តីប៉ូលីស និងស្រាវជ្រាវចំពោះករណីដែលអាចឱ្យអ្នកគាំទ្រទាំងនោះ ចូលទស្សនាបានផងដែរ។
បើយោងតាមការិយាល័យមន្រ្តីសន្តិសុខបានឱ្យដឹងថា នឹងមានកិច្ចប្រជុំពិភាក្សាមួយនាសប្តាហ៍ក្រោយ ដើម្បីរកវិធីដោះស្រាយ ចំពោះវត្តមានក្រុមអ្នកគាំទ្រខាងភ្ញៀវនៅក្នុងកីឡដ្ឋាន Villa Park នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
បើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេសមួយរូបបានថ្លែងថា «តាមធម្មតាគ្មាននរណាម្នាក់ គួរត្រូវបានគេហាមឃាត់មិនឱ្យមើលបាល់ទាត់នោះទេ បើទោះបីជាពួកគេជានរណាក៏ដោយ!»៕