Hermoso តារា World Cup 2023 ត្រូវបានកោះហៅចូលជម្រើសជាតិវិញ ក្រោយអវត្តមាន ១២ខែ

18-10-2025 10:41

(បរទេស)៖ កីឡាការិនី Janni Hermoso ដែលបានរួមចំណែកជួយក្រុមស្រ្តីអេស្ប៉ាញ ឈ្នះជើងឯកបាល់ទាត់ពិភពលោក FIFA Women’s World Cup 2023 ត្រូវបានកោះហៅចូលជម្រើសជាតិឡើងវិញ បន្ទាប់ពីខកខានអស់ ១ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ម្ចាស់គ្រាប់បាល់ច្រើនជាងគេក្នុងជម្រើសជាតិស្រ្តីអេស្ប៉ាញ វ័យ ៣៥ឆ្នាំរូបនេះ បានចូលលេងជាង ១០០ប្រកួតមកហើយសម្រាប់ក្រុមគោជល់ គិតចាប់តាំងពីបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ២០១២ ដែលត្រូវបានកោះហៅមកវិញ ស្ថិតក្រោមអ្នកចាត់ការទូទៅថ្មី Sonia Bermudez។

ខ្សែប្រយុទ្ធបានកំពុងប្រកបអាជីពបាល់ទាត់នៅក្លឹប Tigres របស់មិចស៊ិករូនព បានស្ថិតក្នុងចំណោមកីឡាការិនី ២៣នាក់របស់អេស្ប៉ាញ ដើម្បីលេងពានលីគអឺរ៉ុប UEFA Women’s Nations League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹងស៊ុយអែត ជាមួយនឹងខ្សែការពារ FC Barcelona គឺ Mapi Leon ដែលបានលេងឱ្យអេស្ប៉ាញចុងក្រោយកាលឆ្នាំ២០២២។

នៅចាំបានថា Hermoso ដែលស៊ុតបាន ៥៧គ្រាប់ច្រើនជាងគេនៅជម្រើសជាតិ បានចូលលេងចុងក្រោយតែ ១៥នាទី ក្នុងនាមកីឡាការិនីបម្រុងអេស្ប៉ាញ ពេលប្រកួតទល់នឹងកាណាដាកាលពីខែតុលា ឆ្នាំ២០២៤។ នាងមិនស្ថិតក្នុងក្រុមរបស់លោកស្រី Tome ឡើយ នៅឯព្រឹត្តិការណ៍ Euro 2025 ដែលអេស្ប៉ាញបានចាញ់ម្ចាស់ការពារតំណែងជើងឯក ស្រ្តីតោកំណាចអង់គ្លេស ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ក្រោយលទ្ធផលស្មើគ្នា ១-១៕