អ្នកចាំទី Donnarumma ថា អ៉ីតាលី នឹងមានកៅអីនៅ WC26 ដោយឥតសង្ស័យឡើយ ក្រោយខកខាន ២លើក
18-10-2025 11:48
(បរទេស)៖ កីឡាករចាំទី Gianluigi Donnarumma និងជាប្រធានក្រុមអ៉ីតាលីផងនោះបាននិយាយថា ជម្រើសជាតិអាសូរីរបស់គេ នឹងមានកៅអីលេង World Cup ឆ្នាំក្រោយនេះដោយគ្មានសង្ស័យឡើយ បើទោះបីជាភាគរយខ្ពស់ បន្តលេងជម្រុះក្នុងជុំទី២ ទៀតក៏ដោយ។

អ្នកចាំទីដែលបានរួមចំណែកជួយអ៉ីតាលី ឈ្នះជើងឯកអឺរ៉ុប Euro 2020 និងកំពុងប្រកបអាជីពក្នុងក្លឹប Manchester City ផងនោះបានគូសបញ្ជាក់ថា អ៉ីតាលីនឹងមានវត្តមាននៅ WC26 ជំនាន់ទី២៣ ដោយគ្មានមន្ទិលឡើយ បើទោះបីជាអាចធ្លាក់ចូលជម្រុះក្នុងជុំទី២ ជាលើកទី៣ ជាប់ៗគ្នាក៏ដោយ។
គួររំលឹកផងថា អ៉ីតាលី អតីតម្ចាស់ជើងឯក World Cup ៤សម័យកាលស្មើនឹងអាល្លឺម៉ង់ មិនបានឡើងដល់ជុំចុងក្រោយ World Cup ២សម័យជាប់គ្នា ពោលគឺនៅប្រទេសរុស្ស៊ី និងកាតា ដោយសារតែឆ្លងមិនផុតវគ្គជម្រុះជុំទី២ ប្រចាំតំបន់ (UEFA)។
ការថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយកាសែត La Gazzetta អ្នកចាំទីចាស់វស្សាខាងលើបានឱ្យដឹងថា «វានឹងមិនកើតឡើងជាលើកទី៣ ឡើយ។ ក្រុមនេះនឹងមានវត្តមាននៅ World Cup ខាងមុខដោយគ្មានសង្ស័យអ្វីឡើយ។ ពួកយើងបានរៀនសូត្រពីមេរៀនដ៏ជូរចត់កន្លងមក ជាអ្វីដែលពួកយើងអាចវាស់បានថា នឹងមិនកើតឡើងម្តងទៀតទេ»។
គួរបញ្ជាក់ផងថា បច្ចុប្បន្នអ៉ីតាលី បានកំពុងឈរនៅលេខរៀងទី២ បណ្តោះអាសន្នប្រចាំពូល G នៃវគ្គជម្រុះ តាមពីក្រោយក្រុមកំពូលតារាងន័រវេសតែ ៣ពិន្ទុប៉ុណ្ណោះ ដ្បិតនៅសល់ ២ប្រកួតទៀតដូចគ្នា។ បណ្តាក្រុមកំពូលតារាងនានា នឹងទទួលបានកៅអីស្វ័យប្រវត្តិឆ្ពោះទៅអាមេរិក មិចស៊ិក និងកាណាដា នាឆ្នាំ២០២៦ តែម្តង ស្របពេលក្រុមលេខ២ ត្រូវបន្តលេងជម្រុះទៀត៕