មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌ចាត់ទុកថា «មហោស្រពភាពយន្តខ្លីចតុមុខ» ជាវេទិកាដ៏ចាំបាច់មួយដាំដុះទេពកោសល្យ ប្រកបដោយភាពច្នៃប្រឌិត ដើម្បីផ្លាស់ប្តូរបទពិសោធន៍ថ្មីៗក្នុងវិស័យភាពយន្តនៅកម្ពុជា

18-10-2025 12:23

(ភ្នំពេញ)៖ មហោស្រពភាពយន្តខ្លីចតុមុខ (CSFF) លើកទី១៤ បានប្រកាសបើកកម្មវិធីផ្លូវការរបស់ខ្លួននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅរោងភាពយន្ត Legend Premium - Exchange Square រាជធានីភ្នំពេញ។ ពិធីបើកនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពលោក ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (MCFA) តំណាងលោកស្រីរដ្ឋមន្ត្រី ដោយមានការចូលរួមពីភ្ញៀវកិត្តិយស និងអ្នកដឹកនាំរឿងជាច្រើនរូប។ បេសកកម្មចម្បងរបស់មហោស្រពនេះនៅតែបន្ត គឺការប្រកាសបើកជាផ្លូវការនូវកម្មវិធីលើកថ្មី និងចាប់ផ្តើមការបញ្ចាំងភាពយន្តខ្លីដែលបានជ្រើសរើស ទាំងការប្រកួតប្រជែង និងការចាក់បង្ហាញនៅទូទាំងរាជធានីភ្នំពេញ ហើយឥឡូវនេះក៏ដល់បណ្តាខេត្តផងដែរ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តលើកទឹកចិត្ត និងគាំទ្រយ៉ាងខ្លាំងដល់សម្ព័ន្ធភាពយន្តផ្កាឈូករ័ត្ន (SFA) ក្នុងការរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់នេះ។

លោក ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា «ក្រសួងសូមកោតសរសើរ ដោយមោទនភាពចំពោះការប្តេជ្ញាចិត្តរបស់សម្ព័ន្ធភាពយន្តឈូករ័ត្ន ដែលបានរៀបចំមហោស្រពនេះ ដោយជោគជ័យពីលើកទី១ រហូតដល់លើកទី១៤។ CSFF ជាចំណុចប្រសព្វដ៏សំខាន់មួយ ក្នុងការភ្ជាប់យុវជនកម្ពុជាពីគ្រប់មជ្ឈដ្ឋាន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ថ្មីៗក្នុងវិស័យភាពយន្ត។ វាគឺជាវេទិកាចាំបាច់មួយដែលដាំដុះទេពកោសល្យ ប្រកបដោយភាពច្នៃប្រឌិត និងលើកកម្ពស់រឿងរ៉ាវប្រកបដោយគុណតម្លៃ ដែលឆ្លុះបញ្ចាំងពីប្រពៃណី វប្បធម៌ និងរបៀបរស់នៅរបស់យើង»

លោកបានបន្ថែមទៀតថា ក្រសួងប្តេជ្ញាចិត្តយ៉ាងពេញលេញ ក្នុងការគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មភាពយន្ត រួមទាំងការផ្តល់ ការបណ្តុះបណ្តាលបច្ចេកទេសដោយមហោស្រព ដូចជាជំនាញផ្នែកបំភ្លឺ ដែលចែករំលែកដោយអ្នកជំនាញជនជាតិសិង្ហបុរីឆ្នាំនេះ ដោយសហការជាមួយ Camera Hut។ លោកបានជំរុញឱ្យអ្នកផលិតភាពយន្តវ័យក្មេង បន្តខិតខំប្រឹងប្រែងដើម្បីបង្កើតស្នាដៃ ដែលមានគុណភាពខ្ពស់ និងមានឥទ្ធិពល ដែលធានានូវបន្តលូតលាស់នៃទេសភាពភាពយន្តកម្ពុជា។

លោក ស៊ុំ ស៊ីថែន ប្រធានមហោស្រពភាពយន្តខ្លីចតុមុខ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់លោកថា «ទោះបីជាឆ្នាំនេះមានការប្រឈម ដោយសារថវិកាតិចតួច និងចំនួនបុគ្គលិកប្រែប្រួលក៏ដោយ បេសកកម្មរបស់ SFA គឺ ‘ភាពយន្តខ្លីរបស់អ្នក គឺជាបេសកកម្មរបស់យើង មិនដែលថយចុះទេ។ យើងពិតជាមានមោទនភាពចំពោះគុណភាពសិល្បៈដែលបានបង្ហាញនៅឆ្នាំនេះ»។

ចំណុចសំខាន់ៗប្រចាំឆ្នាំ ២០២៥៖ គុណភាព ប្រធានបទ និងការពង្រីក កម្មវិធីលើកទី១៤ នេះបង្ហាញពីការអភិវឌ្ឍន៍ និងនិន្នាការសំខាន់ៗ៖
* ស្នាដៃដាក់ស្នើដែលមានគុណភាពខ្ពស់៖ CSFF បានទទួលស្នាដៃភាពយន្តខ្លីចំនួន ១៩៦រឿង ទាំងពីអ្នកផលិតក្នុងស្រុក និងអន្តរជាតិ។ ភាពយន្តសរុបចំនួន ៧៧រឿង ត្រូវបានជ្រើសរើសសម្រាប់បញ្ចាំង ដោយក្នុងនោះ ៤១ រឿង ត្រូវបានដាក់ក្នុងផ្នែកប្រកួតប្រជែង (២០ រឿងក្នុងស្រុក និង ២១ រឿងបរទេស)។ ទោះបីជាចំនួនស្នាដៃសរុបមាន ការថយចុះបន្តិចបន្តួចក៏ដោយ គុណភាពផលិតកម្មត្រូវបានកែលម្អគួរឱ្យកត់សម្គាល់។
* ការផ្តោតលើប្រធានបទថ្មី៖ អ្នកដឹកនាំរឿងក្នុងស្រុកកាន់តែដាក់ស្នើ ខ្លឹមសារដែលមានភាពចម្រុះ និងជារឿងរ៉ាវផ្ទាល់ខ្លួន កាន់តែច្រើន ដោយមានការសង្កត់ធ្ងន់ខ្លាំងលើរឿងរ៉ាវដែលទាក់ទងនឹងជីវិត និងសុខភាពផ្លូវចិត្ត។
* សាលាភាពយន្តចតុមុខ (CFA)៖ ស៊េរីសិក្ខាសាលារបស់មហោស្រព ដែលកន្លងមកហៅថា «កិច្ចស្វែងយល់ពីភាពយន្ត ចតុមុខ» ដែលរៀបចំដោយឥតគិតថ្លៃ នឹងត្រូវកែប្រែ និងដាក់ឈ្មោះថា «សាលាភាពយន្តចតុមុខ (CFA)» ដោយផ្តល់នូវ ការបណ្តុះបណ្តាលបច្ចេកទេសជាក់ស្តែង ការចែករំលែក និងវគ្គវិភាគកាន់តែច្រើន ដោយគិតថ្លៃក្នុងកម្រិតសមរម្យមួយ ដើម្បីទ្រទ្រង់ជំនាន់ក្រោយរបស់ CSFF។
* ការពង្រីកឥទ្ធិពល៖ មហោស្រពបានអញ្ជើញអ្នកមានឥទ្ធិពលលើអ៊ីនធឺណិតជាទូតសុឆន្ទៈនៃមហោស្រព ដើម្បីជួយពង្រីក ឥទ្ធិពលរបស់ខ្លួន និងឈានដល់ទស្សនិកជនថ្មីៗ។
* ការពង្រីកការបញ្ចាំង និងពានរង្វាន់៖ ជាលើកដំបូង មហោស្រពនឹងមិនត្រឹមតែបញ្ចាំង នៅរាជធានីភ្នំពេញប៉ុណ្ណោះទេ (នៅទីតាំងនានារួមមាន រោងភាពយន្ត Legend Premium - Exchange Square និងរោងភាពយន្តដៃគូ ផ្សេងទៀត) ប៉ុន្តែក៏នឹងមានការបញ្ចាំងភាពយន្ត ដែលឈ្នះពាននៅខេត្តសៀមរាប និងខេត្តបាត់ដំបង។ ម្ចាស់ជ័យលាភី នឹងទទួលបានរង្វាន់ជាច្រើន រួមទាំងបរិក្ខាភ្លើងពី Aputure និងAmaran និង ប័ណ្ណបញ្ចុះតម្លៃ BookMeBus ផងដែរ។

មហោស្រពនឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែតុលា ហើយលើកទឹកចិត្តឱ្យទស្សនិកជនតាមដាន កាលវិភាគបញ្ចាំង និងចូលរួមដើម្បីគាំទ្រទេពកោសល្យក្នុងស្រុក និងអន្តរជាតិដែលកំពុងលេចធ្លោ។ ដៃគូសំខាន់ៗសម្រាប់កម្មវិធី លើកទី១៤ រួមមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយយើងមានការផ្តល់មូលនិធិពី Cambodian Children’s Fund (CCF) និងដៃគូទីតាំងដូចជា Legend Exchange Square, Fable Cinema, Meta House, និងវិទ្យាស្ថានបារាំងនៅ កម្ពុជា (French Institute of Cambodia) ដែលបានបន្តគាំទ្រការបញ្ចាំងទាំងនេះនៅឆ្នាំនេះ ជាមួយនឹងបទពិសោធន៍រោង ភាពយន្តរបស់ខ្លួន។

ជាមួយគ្នានេះដែរ មហោស្រពភាពយន្តខ្លីចតុមុខ (CSFF) ក៏កំពុងស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ដើម្បីរៀបចំកម្មវិធី និងរបស់របរផ្សព្វផ្សាយដល់សមិទ្ធករ សិស្សនិស្សិត និងមហាជន ក៏ដូចជាទំនុកបម្រុង ដល់ក្រុមការងារមហោស្រព និងការចាក់បញ្ចាំង ឡើងវិញតាមខេត្ត ដើម្បីឱ្យស័ក្តិសមនឹងទំនុកចិត្តទស្សនិកជនផង និងភាគីពាក់ព័ន្ធផ្សេងៗផង។ ដូច្នេះការបរិច្ចាគអាចផ្ញើទៅកាន់គណនេយ្យ ABA លេខ 000 877 929៕