កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាពិភពលោក ចាប់ពីថ្ងៃទី១៩ ដល់២៣ ខែវិច្ឆិកា ខាងមុខនេះ នៅទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោលរីសត
18-10-2025 13:55
(ភ្នំពេញ)៖ ព្រឹត្តិការណ៍ Vattanac Legends Championship នឹងនាំយកកីឡាករវាយកូនហ្គោលលំដាប់ពិភពលោកជាច្រើនមកកាន់ប្រទេសកម្ពុជា ដើម្បីតភ្ជាប់វប្បធម៌ រួបរួមសហគមន៍ និងផ្តល់ឱ្យគ្រប់គ្នាមកពីគ្រប់ជាតិសាសន៍មានអារម្មណ៍ដូចជាផ្ទះខ្លួនផងដែរ។ ការប្រកួតកីឡាពិភពលោកនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៩ ដល់២៣ ខែវិច្ឆិកា នៅទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោលរីសត។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ បានបន្ដថា ព្រឹត្តិការណ៍នេះ ជាការបើកទំព័រថ្មីក្នុងប្រទេសកម្ពុជា ហើយក៏ជាការបង្ហាញអំពីកិត្យានុភាពប្រទេសកម្ពុជាលើឆាកអន្តរជាតិ ក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតកីឡាលំដាប់ពិភពលោក។ ព្រឹត្តិការណ៍ដ៏ធំនេះក៏ជានិមិត្តរូបនៃសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពរបស់កម្ពុជាផងដែរ។ លោកបន្តថា តាមរយៈព្រឹត្តិការណ៍បែបនេះ បានបង្ហាញពីភាពរីកចម្រើនរបស់យើង ហើយក៏បានបង្ហាញថា កីឡាអាចពង្រឹងចំណងមិត្តភាព និងការយោគយល់គ្នារវាងប្រទេសផងដែរ។
អ្នកឧកញ៉ាបានបន្ដទៀថា កម្ពុជាគឺជាប្រទេសដែលឱ្យតម្លៃទៅលើសន្តិភាព និងមិត្តភាព។ យើងស្វាគមន៍អ្នករាល់គ្នាដោយក្ដីសោមន្សរីករាយបំផុត ហើយកម្ពុជា មិនមែនត្រឹមតែជាគោលដៅសម្រាប់កីឡា និងទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាជាទីកន្លែងដែលតភ្ជាប់វប្បធម៌ រួបរួមសហគមន៍ និងផ្តល់ឲ្យគ្រប់គ្នាមកពីគ្រប់ជាតិសាសន៍មានអារម្មណ៍ដូចជាផ្ទះ។
កីឡាវាយកូនហ្គោល គឺជាល្បែងកម្សាន្តដែលពោរពេញដោយវិន័យ ការគោរព និងភាពថ្លៃថ្នូរ ដែលបានបង្រៀនយើងអំពីការអត់ធ្មត់ ភាពផ្ចង់អារម្មណ៍ និងភាពស្មោះត្រង់ ដែលជាតម្លៃស្របគ្នាជាមួយនឹងប្រជាជនកម្ពុជា។ វាជាកីឡាសម្រាប់គ្រប់វ័យ ជាកីឡាដែលនាំមនុស្សម្នា មកជាមួយគ្នាក្នុងបរិយាកាសនៃស្មារតីកីឡា និងការគោរពគ្នាទៅវិញទៅមក។ តាមរយៈការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ជើងឯកនេះ នឹងណែនាំប្រជាជនខ្មែរឱ្យស្គាល់ពីកីឡាវាយកូនហ្គោលឲ្យបានកាន់តែច្រើន ព្រមទាំងបំផុសគំនិតដល់មនុស្សជំនាន់ក្រោយឱ្យចូលចិត្តលេងកីឡានេះ ប្រកបដោយមោទនភាព។
ព្រឹត្តិការណ៍ Vattanac Legends Championship នឹងនាំយកកីឡាករវាយកូនហ្គោលដ៏អស្ចារ្យបំផុតរបស់ពិភពលោកជាច្រើនមកកាន់ប្រទេសកម្ពុជា រួមទាំងប្រធានក្រុម Ryder Cup ម្ចាស់ជើងឯក Major និងឥស្សរជនអន្តរជាតិល្បីៗជាច្រើនរូបទៀត។ ពួកគេនឹងចូលរួមប្រកួតនៅទីលានវាយ កូនហ្គោល វឌ្ឍនៈ ហ្គោលរីសត ដែលជាទីលានវាយកូនហ្គោលលំដាប់អន្តរជាតិ ទទួលបានពានរង្វាន់ច្រើនបំផុតនៅក្នុងប្រទេសកម្ពុជា ដែលរចនាឡើងដោយម្ចាស់ជើងឯក Major ៦ សម័យកាល គឺលោក Sir Nick Faldo។ ទីលាននេះត្រូវបានរចនាលក្ខណៈអន្តរជាតិ ដោយរួមបញ្ចូលគ្នាជាមួយរូបចម្លាក់បេតិកភណ្ឌវប្បធម៌ខ្មែរជាច្រើន ដែលបង្ហាញពីភាពស្រស់ស្អាត និងសិល្បៈហត្ថកម្មរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
បេសកកម្មរបស់ វឌ្ឍនៈ គ្រុប គឺតែងលើកតម្កើងវប្បធម៌ និងមោទនភាពរបស់ខ្មែរយើង ក៏ដូចបន្តកសាងអនាគតនៃឧត្តមភាព នវានុវត្តន៍ភាព និងមិត្តភាពផងដែរ។ ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងពីទស្សនៈវិស័យទាំងនេះ ដែលនាំមកដោយកីឡា ទេសចរណ៍ និងឱកាស ក្រោមគោលដៅតែមួយ ដើម្បីបង្ហាញពិភពលោកថា កម្ពុជាមានសន្តិភាព មានមោទនភាព និងត្រៀមខ្លួនជាស្រេចដើម្បីទទួលស្វាគមន៍ពិភពលោក។
អ្នកឧកញ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងទេសចរណ៍ និងសហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា ចំពោះការគាំទ្រ និងការណែនាំចង្អុលបង្ហាញ។ អ្នកឧកញ៉ាបានបន្ថែមថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នទាំងបី ដើម្បីធានាបាននូវភាពជោគជ័យនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះ។
ខណៈដែលត្រៀមស្វាគមន៍ភ្ញៀវមកពីជុំវិញពិភពលោក អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ក៏បានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ឲ្យរួបរួមគ្នា និងគាំទ្រព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ព្រមទាំងអំពាវនាវឱ្យចូលរួមជួយផ្សព្វផ្សាយវាទៅកាន់មិត្តភក្តិ ក្រុមគ្រួសារ និងសហគមន៍ទាំងអស់គ្នា។ លោកអំពាវនាវឱ្យបង្ហាញពិភពលោកនូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅបំផុតរបស់កម្ពុជា ភាពរួសរាយរាក់ទាក់សេចក្តីសប្បុរស និងមោទនភាពរបស់ជាតិ ដែលធ្វើឱ្យប្រទេសកម្ពុជាជាប្រទេសដ៏ពិសេសមួយ។ លោកអំពាវនាវឱ្យរួមគ្នាដើម្បីធ្វើឲ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យដ៏ធំធេង និងបង្កើតប្រវត្តិសាស្ត្រ និងអនុស្សាវរីយ៍ដ៏អស្ចារ្យដែលបន្សល់ទុកការចងចាំសម្រាប់ប្រទេសកម្ពុជា ជាពិសេសសម្រាប់ពិភពលោក។
សូមចូលរួមទស្សនាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ អបអរសាទរស្មារតីនៃកីឡា និងទទួលយកបទពិសោធន៍ដ៏កក់ក្តៅនៃប្រទេសកម្ពុជា ដែលជាប្រទេសដែលឲ្យតម្លៃទៅលើសន្តិភាពមិត្តភាព និងវឌ្ឍនភាព៕