Envoy Air របស់ American Airlines ទទួលរងការវាយប្រហារពីក្រុម Hacker CL0P តាមរយៈ Oracle
18-10-2025 13:56
(បរទេស)៖ ក្រុមហ៊ុន Envoy Air ដែលជាក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់ធំជាងគេរបស់ American Airlines បានបញ្ជាក់នៅថ្ងៃសុក្រសប្តាហ៍នេះថា ខ្លួនបានទទួលរងការលួចចូលតាមប្រព័ន្ធអ៊ីនធឺណិត។ ការវាយប្រហារនេះគឺជាផ្នែកមួយនៃយុទ្ធនាការជំរិតទាមទារប្រាក់ពីក្រុម Hacker ដែលបានទាញយកប្រយោជន៍ពីកម្មវិធី Oracle E-Business Suite។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥។

យោងតាមរបាយការណ៍ចុះផ្សាយបានឱ្យដឹងថា ក្រុម CL0P ដែលជាក្រុមឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតដែលមានប្រវត្តិលួចទិន្នន័យធំៗ បានប្រកាសឈ្មោះ American Airlines ជាជនរងគ្រោះ កាលពីយប់ថ្ងៃព្រហស្បតិ៍ ទោះបីជាអ្នកនាំពាក្យ American Airlines បញ្ជាក់ថា បញ្ហានេះគឺទាក់ទងនឹង Envoy Air ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក៏ដោយ។
អ្នកនាំពាក្យរបស់ Envoy Air ដែលមានមូលដ្ឋាននៅរដ្ឋ Texas បានចេញមុខបញ្ជាក់ថា ក្រុមហ៊ុនកំពុងស៊ើបអង្កេតលើឧប្បត្តិហេតុនេះ និងបានទាក់ទងជាមួយភ្នាក់ងារអនុវត្តច្បាប់រួចរាល់ហើយ។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ពីលទ្ធផលនៃការត្រួតពិនិត្យរបស់ក្រុមហ៊ុនថា៖ «យើងបានធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់... ហើយបានបញ្ជាក់ថា មិនមានទិន្នន័យរសើប ឬទិន្នន័យរបស់អតិថិជនណាមួយត្រូវបានរងផលប៉ះពាល់នោះទេ»។ ទោះយ៉ាងណា លោកបានទទួលស្គាល់ថា៖ «ព័ត៌មានអាជីវកម្ម និងព័ត៌មានទំនាក់ទំនងពាណិជ្ជកម្មមួយចំនួនតូចអាចនឹងត្រូវបានលួចចូល»។
គួរជម្រាបថា Envoy Air គឺជាអង្គភាពទីពីរហើយដែលបានបញ្ជាក់ពីការលួចចូលដោយសារយុទ្ធនាការនេះ បន្ទាប់ពីសាកលវិទ្យាល័យ Harvard បានប្រកាសរឿងរ៉ាវស្រដៀងគ្នាកាលពីដើមសប្តាហ៍។ កាលពីថ្ងៃទី ៩ ខែតុលា អ្នកជំនាញនៅ Google ក៏បានលើកឡើងផងដែរថា «ទិន្នន័យរបស់អតិថិជនយ៉ាងច្រើនសន្ធឹកសន្ធាប់» ត្រូវបានលួចក្នុងប្រតិបត្តិការដែលអាចចាប់ផ្តើមតាំងពី ៣ ខែមុនម្ល៉េះ។ បច្ចុប្បន្ន ក្រុមហ៊ុន Envoy Air កំពុងសហការជាមួយអាជ្ញាធរដើម្បីដោះស្រាយបញ្ហានេះ៕