Meta រួមដៃជាមួយ Blue Owl បោះទុន ២៧ ពាន់លានដុល្លារ សាងសង់ «មជ្ឈមណ្ឌល AI ខ្នាតយក្ស»

22-10-2025 10:30

(បរទេស)៖ ក្រុមហ៊ុន Meta Platforms ដែលជាមេធំរបស់ Facebook បានចុះកិច្ចព្រមព្រៀងហិរញ្ញវត្ថុដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួន ក្នុងទំហំទឹកប្រាក់ ២៧ ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនវិនិយោគ Blue Owl Capital (OWL) ដើម្បីផ្តល់មូលនិធិដល់គម្រោងមជ្ឈមណ្ឌលទិន្នន័យពិភពលោកដ៏ធំសម្បើមមួយឈ្មោះ Hyperion នៅរដ្ឋ Louisiana សហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងនេះត្រូវបានគេមើលឃើញថា ជាការប្រកួតប្រជែងដ៏ក្តៅគគុកក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ជំរុញបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ដ៏លឿនរហ័ស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។

មជ្ឈមណ្ឌលទិន្នន័យ Hyperion ត្រូវបានគេរំពឹងថានឹងផ្តល់សមត្ថភាពកុំព្យូទ័រដ៏សម្បើម ជាង ២ ជីហ្គាវ៉ាត់ ដែលជាកម្លាំងគណនាដ៏សំខាន់សម្រាប់បណ្តុះបណ្តាលម៉ូដែលភាសា AI ធំៗ ដែលមានឥទ្ធិពលដូចជា ChatGPT និង Google Gemini ជាដើម។ ក្រោមភាពជាដៃគូនេះ ក្រុមហ៊ុន Blue Owl នឹងកាន់កាប់ចំណែកភាគហ៊ុនធំដល់ទៅ ៨០% នៃគម្រោង ខណៈ Meta រក្សាទុកត្រឹម ២០% ប៉ុណ្ណោះ ហើយថែមទាំងទទួលបានសាច់ប្រាក់សុទ្ធប្រមាណ ៣ ពាន់លានដុល្លារមកវិញពីភាពជាដៃគូនេះទៀតផង។ សហនាយកប្រតិបត្តិ (Co-CEOs) នៃ Blue Owl លោក Doug Ostrover និង Marc Lipschultz បានហៅ Hyperion ថា «ជាគម្រោងមហិច្ឆតាដែលឆ្លុះបញ្ចាំងពីទំហំ និងល្បឿនដែលចាំបាច់ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធ AI ជំនាន់ក្រោយ»

យោងតាមលោកស្រី Susan Li នាយកហិរញ្ញវត្ថុរបស់ Meta បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះគឺជា «ជំហានដ៏ក្លាហានឆ្ពោះទៅមុខ» ដើម្បីសម្រេចបាននូវមហិច្ឆតា AI របស់ក្រុមហ៊ុន។ ជាមួយគ្នានេះដែរ លោក Alvin Nguyen អ្នកវិភាគជាន់ខ្ពស់នៅ Forrester បានបន្ថែមថា ការសម្រេចចិត្តបែបនេះមានសារៈសំខាន់ខ្លាំងណាស់ ដោយសារ «វាពិតជាជួយពួកគេកាត់បន្ថយហានិភ័យក្នុងការចំណាយលើភាគហ៊ុនកម្មសិទ្ធិរបស់ខ្លួន។ Meta នឹងមិនចាំបាច់ផ្តល់ដើមទុនច្រើននោះទេ»។ គម្រោងសាងសង់មជ្ឈមណ្ឌលយក្សនេះ ក៏ត្រូវបានរំពឹងថានឹងបង្កើតការងារប្រតិបត្តិការអចិន្រ្តៃយ៍ជាង ៥០០ កន្លែងនៅពេលដែលវាចាប់ផ្តើមដំណើរការផងដែរ៕