បេក្ខភាពតំណាងកម្ពុជា ៤រូប ទទួលបានការបំពាក់មកុដ និងឈៀង មុននឹងចេញទៅប្រកួតលើឆាកអន្តរជាតិ
24-10-2025 14:51
(ភ្នំពេញ)៖ បេក្ខភាពម្ចាស់តំណែងធំៗ ទាំង៤រូប ដែលនឹងត្រូវនាំយកទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជាទៅបង្ហាញ និងប្រកួតកម្មវិធីជាលក្ខណៈអន្តរជាតិ តាមបណ្ដាប្រទេសនានាក្នុងពេលដ៏ខ្លីខាងមុខនេះ មានដូចជា កញ្ញា ហ៊ែល សារលាភី Miss CosmoWorld Cambodia 2025, លោក ជា រ៉ាយម៉ុន Mr World Cambodia 2025, កញ្ញា សូរ ពេជ្រវលក្ខណ៍ ម្ចាស់មកុដ Miss International Cambodia 2025 និងកញ្ញា ខន មុំឧត្តមសូរិយារតនទេវី ឬគ្រប់គ្នាស្គាល់ថា ខន សូរិយា Miss World Cambodia 2026 ត្រូវបានក្រុមហ៊ុន Cambodia International Models រៀបចំពិធីបំពាក់ឈៀង និងគ្រងមកុដ នារាត្រីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ នៅស្ថានីយ៍ទូរទស្សន៍ បាយ័ន (ស្ទឹងមានជ័យ) ក្រោមវត្តមានថ្នាក់ដឹកនាំ និងអ្នកគាំទ្រជាច្រើននាក់។
លោក ម៉ែន និមលរតន៍ នាយកគ្រប់គ្រងក្រុមហ៊ុន Cambodia International Models បានថ្លែងប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Cambodia International Models មានមោទនភាពយ៉ាងក្រៃលែងក្នុងការប្រកាសតែងតាំងម្ចាស់តំណែងធំៗ ៤រូប ដែលត្រៀមនឹងតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ នាពេលឆាប់ខាងមុខនេះ។ យើងនឹងធ្វើការបំពាក់មកុដជូនបវរកញ្ញា ៣រូប ជា Miss World Cambodia 2026, Miss International Cambodia 2025, Miss CosmoWorld Cambodia 2025 និងបុរសឯក ១រូប គឺ Mr World Cambodia 2025 ដោយអ្នកទាំង៤ នឹងនាំយកទង់ជាតិព្រះរាជាណាចក្រកម្ពុជា ទៅប្រកួតកម្មវិធីអន្តរក្នុងពេលដ៏ខ្លីខាងមុខ។
លោក ម៉ែន និមលរតន៍ បានបន្តថា ជាក់ស្តែងឆ្នាំនេះយើងពុំមានការរៀបចំការប្រកួតថ្នាក់ជាតិឡើយ ប៉ុន្តែការជ្រើសរើសតែងតាំងម្ចាស់តំណែងធំ ៤រូប ខាងលើនេះ មិនមែនជារឿងចៃដន្យឡើយ។ យើងបានគិតពិចារណាយ៉ាងល្អិតល្អន់ពីរូបសម្បត្តិ អត្តចរិក ការតាំងចិត្ត ភាពអត់ធ្មត់ និងថាមពលរស់រវើករបស់បវរកញ្ញា និងបុរសឯក រួមទាំងការលះបង់សម្រាប់សង្គមជាតិផងដែរ។
លោកនិយាយថា «ខ្ញុំបាទបានមើលឃើញមតិផ្សេងៗជាច្រើន លើបណ្តាញសង្គម ទាំងមតិវិជ្ជមាន និងអវិជ្ជមាន។ ប៉ុន្តែអ្វីដលខ្ញុំចង់បញ្ជាក់ឱ្យដឹងនោះ គឺការសម្រេចជ្រើសរើសតែងតាំងបវរកញ្ញា ឬបុរសឯកណាម្នាក់ឱ្យតំណាងកម្ពុជា ទៅប្រកួតលើឆាកអន្តរជាតិ មិនមែនជារឿងងាយស្រួលទេ យើងត្រូវមើលថា បុគ្គលម្នាក់នោះមានលក្ខណៈសម្បិត្តគ្រប់គ្រាន់ ត្រូវនឹងអ្វីដែលកម្មវិធីអន្តរជាតិត្រូវការឬអត់? គាត់ជាមនុស្សមានឆន្ទៈចង់ឈ្នះ ដើម្បីកម្ពុជាឬអត់? មានឆន្ទៈមុតមាំ ជាមនុស្សអត់ធ្មត់ និងមានទំនោរលើការងារសង្គមឬអត់? ព្រោះពាក្យថា បវរកញ្ញា និងបុរសឯក មិនមែនមានត្រឹមតែសម្រស់មួយមុខទេ តែត្រូវមានធាតុផ្សំជាច្រើនទៀត»។
យ៉ាងណាមិញ មុននឹងមានតំណាងបេក្ខភាពរបស់កម្ពុជា ចេញទៅប្រកួតលើឆាកអន្តរជាតិនេះ តាងនាមឱ្យក្រុមហ៊ុន CIM លោក ម៉ែន និមលរតន៍ ក៏មិនភ្លេចថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឧកញ៉ា ចិន សំណាង CEO of CSNJ ដែលជាបុគ្គលដ៏សំខាន់ម្នាក់ តែងតែយកចិត្តទុកដាក់ ក្នុងការជួយជ្រោមជ្រែងវិស័យបវរកញ្ញានៅកម្ពុជាឱ្យមានភាពរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ និងបានជួយជ្រោមជ្រែងយ៉ាងពេញទំហឹងដល់ក្រុមហ៊ុន CIM ឱ្យបន្តបង្កើតសកម្មភាពជំរុញវិស័យបវរកញ្ញាឱ្យរីកធំធាត់ ស្របតាមចក្ខុវិស័យរបស់យើង ដែលចង់ឱ្យវិស័យបវរកញ្ញារីកចម្រើនលូតលាស់ ប្រកបដោយគុណតម្លៃ និងភាពថ្លៃថ្នូរក្នុងនាមជាជនគំរូក្នុងសង្គមជាតិ៕



















