Xiaomi ប្រកាសថា «តម្លៃឈីប AI ឡើងថ្លៃហួសស្មាន» ត្រូវបង្ខំចិត្តដំឡើងថ្លៃទូរស័ព្ទ Redmi K90
24-10-2025 16:58
(បរទេស)៖ ក្រុមហ៊ុនផលិតទូរស័ព្ទឆ្លាតវៃចិន Xiaomi បានប្រកាសនៅថ្ងៃសុក្រនេះថា ការកើនឡើងថ្លៃយ៉ាងគំហុកនៃបន្ទះឈីបអង្គចងចាំ (Memory Chip) បានជំរុញឲ្យថ្លៃដើមផលិតទូរស័ព្ទរបស់ខ្លួនកើនឡើង រហូតដល់ត្រូវដំឡើងតម្លៃលក់ស៊េរីថ្មី Redmi K90។ ការកំណត់តម្លៃថ្មីនេះ បានធ្វើឲ្យអ្នកប្រើប្រាស់ជាច្រើនខកចិត្ត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។
លោក Lu Weibing ប្រធានក្រុមហ៊ុន Xiaomi បានចេញមុខបកស្រាយនៅលើបណ្តាញសង្គម Weibo ដោយទទួលស្គាល់ថា៖ «សម្ពាធថ្លៃដើមបានផ្ទេរទៅលើការកំណត់តម្លៃផលិតផលថ្មីរបស់យើង»។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា៖ «ការកើនឡើងថ្លៃដើមនៃបន្ទះឈីបអង្គចងចាំគឺហួសពីការរំពឹងទុក ហើយអាចនឹងកាន់តែខ្លាំងឡើង»។ តម្លៃម៉ូដែលមូលដ្ឋាន Redmi K90 (12GB/256GB) ថ្មីនេះគឺ ២,៥៩៩ យន់ (ប្រហែល ៣៦៤ដុល្លា) ដែលខ្ពស់ជាងម៉ូដែលមុន K80 ដែលមានតម្លៃ ២,៤៩៩ យន់។
ការដំឡើងតម្លៃនេះកើតឡើងដោយសារតម្រូវការបន្ទះឈីបសម្រាប់ប្រើក្នុងកម្មវិធីបញ្ញាសិប្បនិម្មិត (AI) កំពុងតែកើនឡើងខ្លាំងទូទាំងពិភពលោក ដែលធ្វើឲ្យការផ្គត់ផ្គង់ឈីបទូទៅសម្រាប់ប្រើក្នុងទូរស័ព្ទឆ្លាតវៃ កុំព្យូទ័រ និងម៉ាស៊ីន server ត្រូវតឹងតែង និងមានតម្លៃថ្លៃជាងមុន។ ទោះជាយ៉ាងណាក្រុមហ៊ុន Xiaomi បានប្រកាសឆ្លើយតបនឹងការមិនពេញចិត្តរបស់អតិថិជន ដោយសម្រេចកាត់បន្ថយតម្លៃ ៣០០ យន់ សម្រាប់ម៉ូដែលដែលពេញនិយមជាងគេ (12GB/512GB) ឲ្យនៅត្រឹម ២,៨៩៩ យន់ សម្រាប់ការលក់ក្នុងខែដំបូងប៉ុណ្ណោះ។
គួរជម្រាបថា ការឡើងថ្លៃឈីបនេះកំពុងតែធ្វើឲ្យក្រុមហ៊ុនផលិតឈីបខ្នាតយក្សដូចជា Samsung Electronics និង SK Hynix (ដែលផ្គត់ផ្គង់ឈីប NAND និង DRAM សំខាន់ៗ) ទទួលបានប្រាក់ចំណេញយ៉ាងសម្បើម ដោយសារតែតម្រូវការឈីបសម្រាប់វិស័យបញ្ញាសិប្បនិម្មិត (AI) កំពុងតែរីកចម្រើនយ៉ាងលឿនបំផុត៕









