* Foxconn គ្រោងចាប់ដៃជាមួយ OpenAI ខណៈប្រធានក្រុមហ៊ុនជឿថា វិស័យ AI មិនមែនជា AI bubble ទេ
* Farizon សម្រេចចាប់ដៃគូជាមួយ ក្រុមហ៊ុនកាពីតូល ជំរុញការធ្វើទំនើបកម្មដឹកជញ្ជូនអ្នកដំណើរដោយរថយន្តអគ្គិសនី
* Ronaldo ធ្វើបានហែតទ្រីកលើកទី៦៧ និងកើនបាន ៩៨៥គ្រាប់ ពីគោលដៅ 1K
* មជ្ឈមណ្ឌលទិន្នន័យអវកាសដំបូងរបស់ Google ដំណើរការហើយ និងអាចសរសេរកំណាព្យបានថែមទៀត
* លើសពីដណ្ដើមមេដាយ ប្រធានសហព័ន្ធវ៉ូវីណាម ជំរុញអត្តពលិកខ្លួនចូលរួមផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាផ្តល់ជូនផ្ទះថ្មី និងក្តីសង្ឃឹមដល់ប្រជាជនភៀសសឹកនៅខេត្តឧត្តរមានជ័យ

30-10-2025 14:20

(ភ្នំពេញ)៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដោយសហការ ជាមួយរដ្ឋបាលខេត្តឧត្តរមានជ័យ បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រីកគម្រោង ”ផ្ទះថ្មី ក្តីសង្ឃឹមថ្មី” ក្នុងការគាំទ្រដល់ប្រជាជនភៀសសឹក ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែននាពេលថ្មីៗនេះនៅប្រទេសកម្ពុជា។

តាមរយៈកិច្ចព្រមព្រៀងថ្មីនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នឹងផ្តល់ជំនួយជាផ្ទះចល័តថ្មីចំនួន៣០ ខ្នងសម្រាប់គ្រួសារប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន។ បន្ថែមពីលើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU)នេះ ក្រុមហ៊ុនក៏បានផ្ដល់អំណោយ ជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីជួយបំពេញតម្រូវការជាបន្ទាន់ របស់ប្រជាជនភៀសសឹកប្រមាណជាង ៣០០គ្រួសារ ដែលកំពុងស្នាក់នៅក្នុងជំរំ ភៀសសឹកក្នុងខេត្តឧត្តរមានជ័យ។

ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU)នៅខេត្តឧត្តរមានជ័យនេះ គឺជាផ្នែកមួយនៃគម្រោងរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងការផ្តល់ ជំនួយជាផ្ទះចល័តថ្មី ចំនួន ៥០ ខ្នង និងជួសជុលផ្ទះដែលរងការខូចខាតធ្ងន់ធ្ងរចំនួន ៥០ខ្នងផ្សេងទៀត សម្រាប់គ្រួសារប្រជាពលរដ្ឋកម្ពុជាដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែននាពេលថ្មីៗនេះ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងតំណាងជាន់ខ្ពស់មកពី ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។ ពិធីនេះបានធ្វើឡើងដោយផ្ទាល់នៅជំរំជនភៀសខ្លួន ដែលផ្ដល់ឱកាសឱ្យតំណាងក្រុមហ៊ុន និងមន្ត្រីរដ្ឋាភិបាលជួបជាមួយគ្រួសារដែលរងផលប៉ះពាល់ ដើម្បីយល់កាន់តែច្បាស់អំពីស្ថានភាព និងតម្រូវការរបស់ពួកគាត់។

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យបានមានប្រសាសន៍ថា៖ “ជម្លោះព្រំដែននាពេលថ្មីៗនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់គ្រួសារប្រជាពលរដ្ឋខ្មែរជាច្រើន ដែលពួកគាត់មិនត្រឹមតែត្រូវបង្ខំចិត្ដចាកចេញពីផ្ទះសម្បែងនោះទេ ប៉ុន្តែថែមទាំងទទួលការរំខានលើផ្នែកសន្តិសុខ និងស្ថិរភាពផងដែរ។ តាមរយៈភាពជាដៃគូដ៏មានអត្ថន័យ ជាមួយក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នេះ យើងមិនត្រឹមតែកំពុងផ្តល់ទីជម្រកឱ្យពួកគាត់ប៉ុណ្ណោះទេ ប៉ុន្តែ យើងក៏កំពុងស្ដារក្តីសង្ឃឹម ស្ថិរភាព និងកម្លាំង ដើម្បីកសាងជីវិតរបស់ពួកគាត់ឡើងវិញ ។ កិច្ចសហការនេះគឺជាគំរូដ៏ល្អនៃការរួបរួមគ្នារវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការធ្វើការរួមគ្នាដើម្បីឈរជាមួយប្រជាជនកម្ពុជា និងគាំទ្រពួកគាត់ក្នុងដំណើរឆ្ពោះទៅកាន់អនាគត ល្អប្រសើរ”។

លោកស្រី Sophie Goodall នាយិកាផ្នែកកិច្ចការសាជីវកម្មនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជឿជាក់ថានៅពេលដែលសហគមន៍មួយត្រូវបានប៉ះពាល់ វាប៉ះពាល់ដល់យើងទាំងអស់គ្នា។ ក្នុងនាមជាក្រុមហ៊ុនដែលបានចាក់ឫស យ៉ាងជ្រៅនៅ កម្ពុជាអស់រយៈពេល ៣០ ឆ្នាំមកហើយនោះ យើងមើលឃើញថា យើងមានទំនួលខុសត្រូវរួមគ្នាក្នុងការឈរជាមួយប្រជាពលរដ្ឋខ្មែរក្នុងគ្រាលំបាក។ តាមរយៈគម្រោងផ្ទះថ្មី ក្តីសង្ឃឹមថ្មី យើងមានគោលបំណងផ្ដល់ស្ថិរភាពនិងក្តីសង្ឃឹមឡើងវិញ ដល់ក្រុមគ្រួសារប្រជាពលរដ្ឋ ដែលសមនឹងទទួលបានទីសុវត្ថិភាពមួយជាផ្ទះរបស់ខ្លួន។ កម្មវិធីនេះមិនមែនគ្រាន់តែជាការសាងសង់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែជាការកសាងជីវិតឡើងវិញ ស្ដារស្ថិរភាព និងបង្កើតឱកាសសម្រាប់ឱ្យគ្រួសារប្រជាពលរដ្ឋទាំងនោះបានរីកចម្រើនសារជាថ្មី។ គ្រប់ផ្ទះថ្មីទាំងអស់គឺតំណាងឱ្យ នូវការជឿជាក់របស់យើងសម្រាប់ការយកចិត្តទុកដាក់ចំពោះមនុស្ស និងភពផែនដី ហើយនាំមកនូវភាពរីករាយនៃការជួបជុំគ្នា ហើយនេះជាគុណតម្លៃដែលជួយជំរុញក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ឱ្យបន្ដកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេស និងប្រជាជនកម្ពុជា។”

គម្រោង “ផ្ទះថ្មី ក្តីសង្ឃឹមថ្មី” គឺជាផ្នែកមួយនៃការបន្តប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងការកសាងសហគមន៍ឱ្យរីកចម្រើន និងមានភាពធន់។ ចាប់តាំងពីគម្រោងនេះចាប់ផ្តើម ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានផ្តល់ផ្ទះចំនួន ១១ ខ្នងនៅខេត្តឧត្តរមានជ័យ ព្រះវិហារ សៀមរាប កំពង់ធំ តាកែវ និងរាជធានីភ្នំពេញ ដែលជួយក្រុមគ្រួសារប្រជាពលរដ្ឋកសាងជីវិតជាថ្មីជាមួយក្តីសង្ឃឹម សុវត្ថិភាព និងស្ថិរភាព។

តាមរយៈការសហការគ្នាជាមួយអាជ្ញាធរខេត្ត និងសហគមន៍មូលដ្ឋាន ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បន្តជួយជំរុញការផ្លាស់ប្តូរ និងភាពធន់យូរអង្វែង ដោយជួយគាំទ្រដល់ប្រជាជនខ្មែរមិនត្រឹមតែក្នុងឱកាសសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែជាពិសេសនៅពេលដែលពួកគាត់ជួបការលំបាក ត្រូវការជំនួយ និងការគាំទ្រខ្លាំងបំផុត៕