ChatGPT នឹងលែងផ្តល់ព័ត៌មានពីបញ្ហាសុខភាព ឬផ្នែកច្បាប់ស៉ីជម្រៅទៀតហើយ
03-11-2025 13:49
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ នៅពេលនេះបានផ្លាស់ប្តូររបៀបប្រើប្រាស់ ChatGPT ក្នុងជំហានដ៏សំខាន់មួយ ដើម្បីឲ្យអ្នកប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិតមួយនេះទទួលបានព័ត៌មានពិតប្រាកដ។ ចាប់ពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ទៅកម្មវិធី ChatGPT ត្រូវបានហាមឃាត់ក្នុងការផ្តល់ដំបូន្មានផ្នែកវេជ្ជសាស្ត្រ, ច្បាប់ ឬហិរញ្ញវត្ថុ ទៀតហើយ។ ឥឡូវនេះ កម្មវិធីនេះត្រូវបានគេបញ្ជាក់ថា ជាឧបករណ៍អប់រំ ដែលមានគោលបំណងសម្រាប់តែបង្ហាញគំនិតទូទៅ និងការពន្យល់បែបអប់រំប៉ុណ្ណោះ។
ការផ្លាស់ប្តូរនេះកើតឡើង បន្ទាប់ពីមានការព្រួយបារម្ភពីកើនឡើងព័ត៌មានមិនត្រឹមត្រូវ និងហានិភ័យនៃការយល់ខុសផ្នែកច្បាប់។
អ្នកជំនាញបាននិយាយថា វានៅតែជាឧបករណ៍ដ៏ល្អសម្រាប់រៀនសូត្រ ប៉ុន្តែពេលនិយាយអំពី ការសម្រេចចិត្តជាក់ស្តែងក្នុងជីវិតប្រចាំថ្ងៃ អ្នកប្រើប្រាស់ត្រូវតែពិគ្រោះជាមួយ វេជ្ជបណ្ឌិត, មេធាវី និងអ្នកប្រឹក្សាហិរញ្ញវត្ថុដែលមានជំនាញពិតប្រាកដ។
ថ្មីៗនេះរដ្ឋាភិបាលចិន តាមរយៈអាជ្ញាធរបណ្ដាញអ៊ីនធឺណិតចិន (Cyberspace Administration of China – CAC) បានអនុវត្តច្បាប់ថ្មីដែលទាមទារឲ្យ អ្នកបង្កើតមាតិកា (Influencers) និងអ្នកផ្សាយផ្ទាល់ (livestreamers) ត្រូវមានសញ្ញាបត្រ ឬវិញ្ញាបនបត្រផ្លូវការ ប្រសិនបើពួកគេចង់បង្ហោះមាតិកាអំពីប្រធានសំខាន់ៗដូចជា៖ ហិរញ្ញវត្ថុ, ច្បាប់, វេជ្ជសាស្ត្រ និងការអប់រំ។ ច្បាប់នេះជាផ្នែកមួយនៃយុទ្ធសាស្ត្ររដ្ឋចិន ក្នុងការគ្រប់គ្រងមាតិកាអ៊ីនធឺណិតឲ្យមាន «សុចរិតភាព និងរៀបរយ» និងគ្រប់គ្រងឥទ្ធិពលអ្នកបង្កើតមាតិកាដែលមានឥទ្ធិពលខ្លាំង។ ប្រសិនបើអ្នកផលិតមាតិកា ល្មើសច្បាប់មួយនេះ នឹងត្រូវរងការពិន័យធ្ងន់ធ្ងរ។
គួរជម្រាបថា ការសម្រេចខាងលើនេះ ហាក់ទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ និងអ្នកជំនាញ ព្រោះមិនត្រឹមតែធ្វើឲ្យកម្មវិធីបញ្ញាសិប្បនិម្មិតមួយនេះកាន់តែមានតម្លារភាពផ្នែកព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែវាជាការផ្តល់តម្លៃ លើកទឹកចិត្ត ដល់អ្នកសិក្សារៀនសូត្រពិតប្រាកដ ដែលមានសញ្ញាបត្រ និងអាជ្ញាបណ្ណច្បាស់លាស់ដូចជា វេជ្ជបណ្ឌិត មេធាវី ឬអ្នកប្រឹក្សាហិរញ្ញវត្ថុជាដើម៕











