* ក្រសួងពាណិជ្ជកម្ម ជូនដំណឹងពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦
* Foxconn គ្រោងចាប់ដៃជាមួយ OpenAI ខណៈប្រធានក្រុមហ៊ុនជឿថា វិស័យ AI មិនមែនជា AI bubble ទេ
* មជ្ឈមណ្ឌលទិន្នន័យអវកាសដំបូងរបស់ Google ដំណើរការហើយ និងអាចសរសេរកំណាព្យបានថែមទៀត

OpenAI ចុះកិច្ចព្រមព្រៀងទិញសេវាកម្ម Cloud services ពី Amazon ក្នុងតម្លៃ ៣៨ពាន់លានដុល្លារ

04-11-2025 08:25

(បរទេស)៖ OpenAI បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលប្រាំពីរឆ្នាំទំហំ ៣៨ ពាន់លានដុល្លារ ដើម្បីទិញសេវាកម្ម Cloud services ពី Amazon.com។ នេះជាជំហានដំបូងដ៏ធំរបស់
ក្រុមហ៊ុនក្នុងការជំរុញមហិច្ឆតាក្នុងវិស័យបញ្ញាសិប្បនិមិត្ត (AI) បន្ទាប់ពីការរៀបចំរចនាសម្ព័ន្ធឡើងវិញកាលសប្តាហ៍មុន ដែលបានផ្តល់ឱ្យក្រុមហ៊ុនបង្កើត ChatGPT មួយនេះ នូវឯករាជ្យភាព​ផ្នែក​ប្រតិបត្តិការ និងហិរញ្ញវត្ថុកាន់តែច្រើន។

កិច្ចព្រមព្រៀងដែលបានប្រកាសកាលពីថ្ងៃចន្ទ បានផ្តល់ឱ្យ OpenAI នូវលទ្ធភាពទទួលបាន កូនបន្ទះឈីបក្រាហ្វិក Nvidia (Nvidia graphics processors) ចំនួនរាប់សែន ដើម្បីបណ្តុះបណ្តាល និងដំណើរការម៉ូដែលបញ្ញាសិប្បនិមិត្តរបស់ខ្លួន។​

កិច្ចព្រមព្រៀងនេះបង្ហាញពីតម្រូវការដ៏ច្រើនឥតឈប់ឈរនៃថាមពលកុំព្យូទ័រនៅក្នុងឧស្សាហកម្ម AI ខណៈដែលក្រុមហ៊ុននានាកំពុងប្រកួតប្រជែងគ្នាដើម្បីកសាងប្រព័ន្ធដែលអាចប្រជែង ឬលើសពីបញ្ញាជាតិនៃមនុស្ស។

លោក Sam Altman នាយកប្រតិបត្តិរបស់ OpenAI បាននិយាយថា ក្រុមហ៊ុនរៀបចំខ្លួនដើម្បីចំណាយ ១.៤ ទ្រីលានដុល្លារ ដើម្បីអភិវឌ្ឍធនធានកុំព្យូទ័រទំហំ ៣០ ជីហ្គាវ៉ាត់ - ដែលស្មើនឹងការផ្គត់ផ្គង់ថាមពលដល់ផ្ទះចំនួនប្រហែល ២៥ លានខ្នង ក្នុងសហរដ្ឋអាមេរិក។

កិច្ចព្រមព្រៀងនេះក៏ជាការបង្ហាញទំនុកចិត្តដ៏ធំមួយសម្រាប់ផ្នែកសេវាកម្ម Cloud services យក្សគឺ Amazon Web Services (AWS) ដែលអតីតវិនិយោគិនមួយចំនួនធ្លាប់ព្រួយបារម្ភថា​ បាន​ដើរតាមក្រោយគូប្រជែងដូចជា Microsoft និង Google នៅក្នុងការប្រណាំង AI។ ការព្រួយបារម្ភទាំងនោះ ហាក់ដូចជាបានធូរស្បើយខ្លះ បន្ទាប់ពីក្រុមហ៊ុនបានរាយការណ៍ពីកំណើនដ៏រឹងមាំ​នៅ​ក្នុងត្រីមាសខែកញ្ញា។

នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ភាគហ៊ុនរបស់ Amazon បានឡើងដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រ ដោយក្រុមហ៊ុនរំពឹងថានឹងបន្ថែមតម្លៃទីផ្សារ ១៤០ពាន់លានដុល្លារ។ ភាគហ៊ុននេះ​ត្រូវបានជួញដូរឡើង ៥% បន្ទាប់ពីបានកើនឡើងជិត ១០% កាលពីថ្ងៃសុក្រ។ ចំណែកភាគហ៊ុនរបស់ Microsoft វិញបានធ្លាក់ចុះបន្តិចមួយរយៈពេលខ្លីក្រោយមានដំណឹងនេះ។

អ្នកវិភាគ Paolo Pescatore នៃ PP Foresight បាននិយាយថា៖ «នេះគឺជាកិច្ចព្រមព្រៀងដែលមានសារៈសំខាន់ខ្លាំងណាស់ ហើយវាក៏ជាការបញ្ជាក់យ៉ាងច្បាស់ពីសមត្ថភាពកុំព្យូទ័ររបស់ AWS ក្នុងការផ្តល់នូវកម្រិតចាំបាច់ដើម្បីគាំទ្រដល់ OpenAI»។

លោក Altman បានបន្ថែមថា៖ «ការបន្តពង្រីកខ្លួនទៅកាន់ AI កម្រិតខ្ពស់ទាមទារនូវកុំព្យូទ័រដ៏ធំ និងអាចទុកចិត្តបាន។ កិច្ចសហប្រតិបត្តិការរបស់យើងជាមួយ AWS ពង្រឹងប្រព័ន្ធអេកូឡូហ្សីស្ទឹមនៃការគណនាទូលំទូលាយ ដែលនឹងជួយជំរុញយុគសម័យថ្មីនេះ និងនាំយក AI កម្រិតខ្ពស់មកជូនមនុស្សគ្រប់គ្នា»។

OpenAI នឹងចាប់ផ្តើមប្រើប្រាស់ Amazon Web Services ជាបន្ទាន់ ដោយសមត្ថភាពដែលបានគ្រោងទុកទាំងអស់នឹងចាប់ផ្តើមដំណើរការនៅចុងឆ្នាំ ២០២៦ ហើយមានកន្លែងបន្ថែមសម្រាប់ការរីកចម្រើនទៀតនៅឆ្នាំ ២០២៧ និងបន្តបន្ទាប់។

Amazon មានគម្រោងដាក់ឱ្យដំណើរការនូវបន្ទះឈីប Nvidia ដូចជា GB200 និង GB300 AI accelerators ចំនួនរាប់សែនគ្រឿង នៅក្នុងបណ្តុំទិន្នន័យ (data clusters) ដែលបានសាងសង់ឡើងដើម្បីបម្រុងការឆ្លើយតបរបស់ ChatGPT និងបណ្តុះបណ្តាលម៉ូដែលជំនាន់ក្រោយរបស់ OpenAI នេះបើយោងតាមការឱ្យដឹងពីក្រុមហ៊ុនទាំងពីរ៕