ការលក់រថយន្តអគ្គិសនីរបស់​ Tesla ផលិតនៅចិនធ្លាក់ចុះ ៩.៩% ប្រៀបធៀបនឹងឆ្នាំមុន

05-11-2025 09:11

(បរទេស)៖​ តាមរយៈទិន្នន័យពី សមាគមរថយន្តអ្នកប្រើប្រាស់ប្រទេសចិន (CPCA) ដែលបានរាយការណ៍ដោយ Reuters បានបង្ហាញថា Tesla បានលក់រថយន្តអគ្គិសនី (EV) ដែលផលិតនៅរោងចក្ររបស់ខ្លួនក្នុងទីក្រុងសាំងហៃ ចំនួន ៦១,៤៩៧ គ្រឿង ក្នុងខែតុលា។ ចំនួននេះថយចុះប្រហែល ៣២.៣% ប្រៀបនឹងខែកញ្ញា ដែលពេលនោះកំណត់ការកើនឡើងតិចតួចប្រមាណ ២.៨%។

Tesla ផលិតម៉ូឌែល Model 3 និង Model Y នៅរោងចក្រ Gigafactory Shanghai ដែលជាមជ្ឈមណ្ឌលផលិត និងនាំចេញសំខាន់មួយរបស់ក្រុមហ៊ុន។ ការធ្លាក់ចុះនេះបង្ហាញថា Tesla កំពុងប្រឈមមុខនឹងសម្ពាធខ្លាំងពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្នុងស្រុកដូចជា BYD, Nio, និង Xpeng, ជាពិសេសនៅក្នុងទីផ្សារចិនដែលកំពុងមានការប្រកួតប្រជែងខ្លាំងឡើងៗ។

អ្នកវិភាគឧស្សាហកម្មរថយន្តបញ្ជាក់ថា ការធ្លាក់ចុះនេះអាចជាផលប៉ះពាល់មួយនៃការបន្ថយការនាំចេញទៅអឺរ៉ុប និងប្រទេសផ្សេងៗ ព្រមទាំងការបន្តធ្លាក់ចុះនៃតម្រូវការក្នុងប្រទេសចិនផងដែរ។

គួររំលឹកថា ទិន្នន័យ CPCA មិនបានបញ្ជាក់ច្បាស់ថា តើចំនួនរថយន្តដែលលក់ក្នុងប្រទេស និងចំនួនដែលនាំចេញមានសមាមាត្រប៉ុន្មានទេ។ ប៉ុន្តែការធ្លាក់ចុះប្រមាណ ១០% នេះ បង្ហាញថា តំបន់ផលិតសំខាន់បំផុតរបស់ Tesla នៅអាស៊ី កំពុងប្រឈមនឹងការលំបាកជាបន្តបន្ទាប់៕