Microsoft សហការជាមួយ G42 បោះទុនជាង ១៥ពាន់ដុល្លារនៅអារ៉ាប់រួម ដើម្បីពង្រីកមជ្ឈមណ្ឌលផ្ទុកទិន្នន័យ (Video inside)

06-11-2025 09:40

(បរទេស)៖ ក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិក បានប្រកាសពីគម្រោងវិនិយោគដ៏ធំបំផុតមួយជាមួយក្រុមហ៊ុន G42 របស់ប្រទេសអារ៉ាប់រួម (UAE)។ ក្រុមហ៊ុនទាំងពីរនឹងរួមគ្នាពង្រីកមជ្ឈមណ្ឌលផ្ទុកទិន្នន័យ (Data Center) របស់ UAE បន្ថែមទៀត ដែលមានថាមពលសរុបរហូតដល់ ២០០ មេហ្គាវ៉ាត់។ ការពង្រីកនេះ គឺជាចំណែកមួយនៃការប្តេជ្ញាចិត្តសរុបរបស់ Microsoft ក្នុងការវិនិយោគជាង ១៥ ពាន់លានដុល្លារ នៅក្នុងប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

តាមការប្រកាស គម្រោងសាងសង់និងពង្រីកនេះនឹងធ្វើឡើងដោយក្រុមហ៊ុន Khazna Data Centers (ជាបុត្រសម្ព័ន្ធរបស់ G42) ហើយរំពឹងថានឹងចាប់ផ្តើមដំណើរការមុនដំណាច់ឆ្នាំ ២០២៦។ Microsoft ក៏បានបង្ហាញពីផែនការចំណាយលម្អិតផងដែរ ដោយគ្រោងចំណាយ ៧,៣ ពាន់លានដុល្លារ ត្រឹមដំណាច់ឆ្នាំនេះ និងបែងចែក ៧,៩ ពាន់លានដុល្លារ ទៀតសម្រាប់ឆ្នាំ ២០២៦ ដល់ ២០២៩។ គួររំលឹកថា កាលពីឆ្នាំមុន Microsoft ក៏បានទិញភាគហ៊ុនចំនួន ១,៥ ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុន G42 រួចមកហើយ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ គឺការនាំចូលបច្ចេកវិទ្យាទំនើប។ រដ្ឋាភិបាលអាមេរិក បានអនុញ្ញាតឱ្យ Microsoft នាំចេញបន្ទះឈីប Nvidia កម្រិតខ្ពស់ (ដែលប្រើសម្រាប់ AI/បញ្ញាសិប្បនិម្មិត) យកមកប្រើប្រាស់ក្នុងមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួននៅ UAE។ ការអនុញ្ញាតនេះ បានបង្ហាញពីការគាំទ្រដល់មហិច្ឆតារបស់ UAE ដែលកំពុងខិតខំចំណាយលុយរាប់ពាន់លានដុល្លារដើម្បីក្លាយជា មជ្ឈមណ្ឌលបញ្ញាសិប្បនិម្មិត (AI) លំដាប់ពិភពលោក។

គួរជម្រាបថា ការពង្រីកនេះនឹងផ្តល់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាកាន់តែរឹងមាំ ដោយផ្តោតលើ AI (បញ្ញាសិប្បនិម្មិត) និងសេវា Cloud (ដូចជាការផ្ទុកទិន្នន័យលើអនឡាញ)។ ក្រុមហ៊ុនទាំងពីរបាននិយាយថា វានឹងជួយពង្រឹងសេវាកម្ម Microsoft Azure ឱ្យកាន់តែមានសុវត្ថិភាព និងអាចដំណើរការទិន្នន័យទ្រង់ទ្រាយធំបានកាន់តែល្អនៅក្នុងប្រទេសអារ៉ាប់រួម៕