ទទួលទានស៊ុតមួយគ្រាប់ក្នុងមួយសប្ដាហ៍ ជួយបង្កើនការចងចាំ និងធ្វើឱ្យខួរក្បាលមានសុខភាពល្អ
06-11-2025 12:56
(បរទរស)៖ ការសិក្សាថ្មីមួយ បានបង្ហាញក្តីសង្ឃឹមថ្មីសម្រាប់សុខភាពខួរក្បាល ដោយបង្ហាញថា ការទទួលទានស៊ុតមួយគ្រាប់ក្នុងមួយសប្ដាហ៍ អាចកាត់បន្ថយហានិភ័យនៃជំងឺអាល់ហ្សៃមើ (Alzheimer’s) បានដល់ទៅ ៤៧%។
អ្នកស្រាវជ្រាវបានរកឃើញថា សារធាតុចិញ្ចឹមសំខាន់ៗនៅក្នុងស៊ុត ដូចជា choline, វីតាមីន B12, lutein និងអាស៊ីតខ្លាញ់ omega-3 មានតួនាទីសំខាន់ក្នុងការការពារចំណងនៃការចងចាំ, ការកាត់បន្ថយការរលាក និងជួយរក្សាមុខងារខួរក្បាលឲ្យមានសុខភាពល្អតាមអាយុ។ សារធាតុទាំងនេះជួយថែរក្សាស្ថិរភាពនៃសសៃប្រសាទ និងជំរុញការផលិត acetylcholine ដែលជាសារធាតុប្រសាទសំខាន់សម្រាប់ការរៀន និងការចងចាំ។
អ្នកចូលរួមសិក្សាដែលញុំាស៊ុតច្រើនជាងមួយគ្រាប់ក្នុងមួយសប្ដាហ៍ មានលទ្ធផលល្អជាងគេក្នុងការធ្វើតេស្តអំពីសមត្ថភាពគិត ចងចាំ និងការយកចិត្តទុកដាក់។ ការសិក្សានេះក៏បានរកឃើញថា ពួកគេមានអត្រាបង្រួមខួរក្បាលទាបជាង និងការថយចុះមុខងារខួរក្បាលយឺតជាងអ្នកដែលញុំាស៊ុតតិចជាងនេះ។ Choline ដែលមានច្រើននៅក្នុងផ្នែកពងស៊ុត គឺជាសារធាតុសំខាន់ណាស់។ វាត្រូវបានភ្ជាប់ជាមួយនឹងការកាត់បន្ថយកម្រិត homocysteine ដែលសារធាតុមួយដែលបង្កើនហានិភ័យនៃការបំផ្លាញខួរក្បាល។ នៅពេលបញ្ចូលជាមួយ lutein ដែលជួយការពារខួរក្បាលពីការប៉ះពាល់ដោយអុកស៊ីត (oxidative stress) ស៊ុតក្លាយជាម្ហូបសាមញ្ញដែលមានអត្ថប្រយោជន៍ដូចជាអាវការពារខួរក្បាល។
ដូច្នេះ មិនថាស៊ុតឆា ឬ ស្ងោរ នោះទេ វាអាចជាជម្រើសសាមញ្ញ ប៉ុន្តែមានអត្ថប្រយោជន៍ខ្លាំងសម្រាប់ការថែរក្សាចំណងនៃការចងចាំរបស់អ្នក។ ខួរក្បាលរបស់អ្នកត្រូវការអាហារល្អជាងភាពភ្លេចភ្លាំង។ ចិញ្ចឹមវាឱ្យល្អ ចាប់ផ្តើមពីស៊ុតមួយគ្រាប់៕









