Arsenal, Bayern និង Inter បន្តឈ្នះ ១០០% នៅ UEFA Champions League ដូចគ្នា

06-11-2025 13:42

(បរទេស)៖ បណ្តាក្រុមខ្លាំងមកពីលីគកំពូល ៣ប្រទេសផ្សេងគ្នារួមមាន Arsenal, Bayern Munich និង Inter Milan សុទ្ធតែរក្សាបានជ័យជម្នះ ៤ប្រកួតជាប់ៗគ្នាតែម្តង ក្នុងព្រឹត្តិការណ៍ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Champions League 2025-26។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ក្រុមកាំភ្លើងធំ Arsenal មកពីកំពូលតារាង Premier League របស់អង់គ្លេស បន្តរកបាន ៣ពិន្ទុក្រៅផ្ទះ តាមរយៈបំបាក់ម្ចាស់ផ្ទះ Slavia Prague ដោយលទ្ធផល ៣-០ នៅពេលដែល Bayern Munich មកពី Bundesliga បានយកឈ្នះក្រុមការពារតំណែងជើងឯកចាស់ Paris St. Germain ២-១ ទាំងដែលក្រុមរបស់អាល្លឺម៉ង់នៅសល់សមាជិកតែ ១០នាក់ប៉ុណ្ណោះកាលពីរាត្រីថ្ងៃអង្គារ នៅរដ្ឋធានីប៉ារីស។

កាលពីយប់មិញនេះដែរ Inter Milan អតីតក្រុមរងជើងឯក UCL ២សម័យកាល ក្នុងចំណោម ៣រដូវកាលចុងក្រោយនេះ បានយកឈ្នះភ្ញៀវ Kairat មកពីកាហ្សាក់ស្ថាន ២-១ ក្នុងនាមមានតែ ៣ក្រុមប៉ុណ្ណោះកំពុងកាន់កាប់ទីកំពូលតារាង ដោយរកបាន ១២ពិន្ទុពេញដូចគ្នា ក្រោយឆ្លងកាត់បាន ៤ប្រកួតនៃវគ្គ League Phase។

ការប្រកួតប្រជែងសម្រាប់ពានរង្វាន់លីគអឺរ៉ុប UEFA Champions League ក្រោមទម្រង់ថ្មី ៣៦ក្រុមសន្សំពិន្ទុនេះដែរ ក្រោយលេងបាន ៤ប្រកួតមកនេះ Benfica ដែលមានលោក Jose Mourinho ដឹកនាំ និង Ajax របស់ហូឡង់ កំពុងឈរបាតតារាង ដោយពុំទាន់មានពិន្ទុរាប់នៅឡើយទេ ស្របពេល Kairat Almaty កំពុងព្យាយាមរកជ័យជម្នះលើកដំបូង៕