Wu វាយបកទម្លាក់ជើងខ្លាំងលេខ១ ពិភពលោក Trump ចេញពី International Championship ដ៏គួរឱ្យភ្ញាក់ផ្អើល
06-11-2025 13:55
(បរទេស)៖ កីឡាករស្នូកឃ័រ Wu Yize របស់ម្ចាស់ផ្ទះចិន បានធ្វើការវាយបកទម្លាក់ជើងខ្លាំង Judd Trump ដែលបានកំពុងឈរនៅចំណាត់ថ្នាក់លេខ១ ពិភពលោកបច្ចុប្បន្នចេញពីកម្មវិធី International Championship 2025 ស្ថិតក្នុងខេត្ត Nanjing ដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករអង់គ្លេស វ័យ ៣៦ឆ្នាំ Trump បានបើកការនាំមុខដល់ទៅ ៤-០ នៅមុន Wu ដែលឈរនៅលំដាប់លេខ២២ ពិភពលោក ធ្វើបាន ៦ហ្រេមជាប់ៗ ដើម្បីទទួលជ័យជម្នះតែម្តង ក្នុងការឆ្លងទៅវគ្គ ៨នាក់ចុងក្រោយ។
នេះមានន័យថា Trump នៅតែមិនឈ្នះជើងឯកណាមួយឡើយ ក្នុងកម្មវិធីប្រកួតយកចំណាត់ថ្នាក់ គិតចាប់តាំងពីគ្រងជើងឯកពាន UK Championship ក្នុងខែធ្នូ ឆ្នាំ២០២៤ មក។
រូបគេទើបតែបានចាញ់ផ្តាច់ព្រ័ត្រក្នុងកម្មវិធី Northern Ireland Open 2025 ស្ថិតក្នុងទីក្រុង Belfast កាលពីខែមុន តាមរយៈចាញ់កីឡាករអង់គ្លេសដូចគ្នាគឺ Jack Lisowski។
Wu ត្រូវប្រឈមមុខនឹងកីឡាករអង់គ្លេសម្នាក់ទៀត Barry Hawkins ដោយបានទម្លាក់ Lisowski ដោយលទ្ធផល ៦-៤ ពីក្នុងវគ្គ ១៦នាក់មកដែរ៕



