Apple ចាយលុយ ១ ពាន់លានដុល្លារ ខ្ចី AI ខ្លាំងបំផុតរបស់ Google (Gemini) ដើម្បីសង្គ្រោះ Siri ពីភាពរអាក់រអួល (Video inside)

06-11-2025 14:24

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងឈានដល់កិច្ចព្រមព្រៀងដ៏ធំសម្បើមមួយជាមួយក្រុមហ៊ុន Google ដើម្បីបង្កើនសមត្ថភាពជំនួយការសំឡេង Siri របស់ខ្លួនឡើងវិញ។ យោងតាមការចុះផ្សាយរបស់ Bloomberg News ដែលត្រូវបានចេញផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុន Apple នឹងប្រើប្រាស់ម៉ូដែលបញ្ញាសិប្បនិម្មិត (AI) Gemini ទំហំ ១.២ ទ្រីលានប៉ារ៉ាម៉ែត្រ របស់ Google ដែលជាម៉ូដែលដ៏ស្មុគស្មាញបំផុតមួយ។

របាយការណ៍បានឱ្យដឹងថា Apple នឹងចំណាយប្រហែល ១ ពាន់លានដុល្លារក្នុងមួយឆ្នាំ សម្រាប់ការប្រើប្រាស់បច្ចេកវិទ្យា AI នេះ។ នេះគឺជាដំណោះស្រាយ «បណ្ដោះអាសន្ន» ដ៏ចាំបាច់ ខណៈដែលប្រព័ន្ធ AI ផ្ទាល់ខ្លួនរបស់ Apple កំពុងស្ថិតក្នុងការអភិវឌ្ឍនៅឡើយ។ ការសម្រេចចិត្តខ្ចី AI ពីគូប្រជែងនេះ កើតឡើងដោយសារ Siri នាពេលបច្ចុប្បន្នត្រូវបានគេមើលឃើញថា មានសមត្ថភាព ខ្សោយជាង គូប្រជែងសំខាន់ៗដូចជា Alexa និង Google Assistant ក្នុងការដោះស្រាយសំណើដែលមានភាពស្មុគស្មាញ និងការរួមបញ្ចូលជាមួយកម្មវិធីដទៃទៀត។ ម៉ូដែល Gemini ដ៏ខ្លាំងក្លានេះ នឹងត្រូវជួយឱ្យ Siri អាចបំពេញកិច្ចការទាំងនោះបានដោយរលូន។

គួរកត់សម្គាល់ថា កិច្ចព្រមព្រៀងនេះ មិនមែន ជាការបញ្ចូល Gemini ជា Chatbot ផ្ទាល់ទៅក្នុង Siri នោះទេ ហើយក៏មិននាំមកនូវមុខងារស្វែងរក AI របស់ Google ចូលក្នុងប្រព័ន្ធប្រតិបត្តិការរបស់ Apple ដែរ។ ទោះជាយ៉ាងណា ភាពយឺតយ៉ាវនៃការអភិវឌ្ឍន៍ AI ផ្ទាល់ខ្លួនរបស់ Apple ដែលត្រូវបាន ពន្យារពេលរហូតដល់ឆ្នាំ ២០២៦ បានដាក់សម្ពាធយ៉ាងខ្លាំងដល់ក្រុមហ៊ុន ខណៈដែលគូប្រជែងកំពុងបង្កើនល្បឿនយ៉ាងគំហុក។

គួរជម្រាបថា ការយឺតយ៉ាវនេះបានជំរុញឱ្យ Apple កែសម្រួលថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខ្លួន ដោយលោក Mike Rockwell បានចូលមកដឹកនាំ Siri ជំនួសលោក John Giannandrea ដែលជាអតីតនាយកប្រតិបត្តិផ្នែក AI ។ Bloomberg News បានរាយការណ៍យ៉ាងច្បាស់កាលពីខែមីនាថា៖ «នាយកប្រតិបត្តិ Tim Cook បាត់បង់ទំនុកចិត្តលើសមត្ថភាពរបស់ប្រធានផ្នែក AI លោក John Giannandrea ក្នុងការអនុវត្តការអភិវឌ្ឍន៍ផលិតផល»