CEO ក្រុមហ៊ុន Nvidia ប្រកាសថា៖ «ចិននឹងវ៉ាដាច់អាមេរិក ឈ្នះការប្រណាំង AI» (Video inside)
06-11-2025 16:35
(បរទេស)៖ លោក Jensen Huang នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Nvidia ដែលជាក្រុមហ៊ុនផលិតបន្ទះឈីប AI ដ៏ធំលើពិភពលោក បានចេញមុខព្រមានយ៉ាងច្បាស់ៗថា ប្រទេសចិននឹងយកឈ្នះសហរដ្ឋអាមេរិកនៅក្នុងការប្រកួតប្រជែងបញ្ញាសិប្បនិម្មិត (AI)។ ការព្រមានដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូល Future of AI Summit របស់កាសែត Financial Times។ លោក Huang បានថ្លែងដោយត្រង់ថា៖ «ចិននឹងឈ្នះការប្រកួតប្រជែង AI នេះ» ដោយសង្កត់ធ្ងន់ថា៖ «ចិនគឺនៅពីក្រោយអាមេរិកតែ «ប៉ុន្មានវិនាទី (nanoseconds) ប៉ុណ្ណោះក្នុងវិស័យ AI»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
ដើម្បីរក្សាភាពជាម្ចាស់ការរបស់សហរដ្ឋអាមេរិក លោក Huang បានអំពាវនាវឱ្យរដ្ឋាភិបាលអាមេរិកបង្កើនល្បឿននៃការអភិវឌ្ឍ និងទាក់ទាញអ្នកអភិវឌ្ឍន៍ AI ទូទាំងពិភពលោក។ ទោះបីជាលោកប្រាថ្នាចង់ឃើញបច្ចេកវិទ្យាអាមេរិកគ្របដណ្តប់លើសកលលោកក៏ដោយ លោកបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះគោលនយោបាយរបស់ចិនដែលបានបិទទ្វារមិនឱ្យក្រុមហ៊ុន Nvidia ចូលទីផ្សារ។ លោកបានបញ្ជាក់យ៉ាងមុតមាំថា៖ «គោលនយោបាយដែលបណ្តាលឱ្យអាមេរិកបាត់បង់អ្នកអភិវឌ្ឍន៍ AI ពាក់កណ្តាលនៃពិភពលោក គឺមិនមានប្រយោជន៍ក្នុងរយៈពេលវែងទេ តែវាធ្វើឱ្យយើងឈឺចាប់កាន់តែខ្លាំង»។
បញ្ហានៃការផ្គត់ផ្គង់បន្ទះឈីប AI កម្រិតខ្ពស់របស់ Nvidia នៅតែជាចំណុចកណ្តាលនៃការប្រឈមមុខដាក់គ្នារវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ។ ប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បានចូលរួមសម្តែងមតិដែរ ដោយលោកបានថ្លែងថា បន្ទះឈីបជំនាន់ថ្មីបំផុតគឺ Blackwell គួរតែត្រូវបានរក្សាទុកសម្រាប់តែអតិថិជនអាមេរិកប៉ុណ្ណោះ។ លោក Trump បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោននឹងអនុញ្ញាតឱ្យចិនធ្វើអាជីវកម្មជាមួយ Nvidia តែ «មិនមែនទាក់ទងនឹងបន្ទះឈីប semiconductor កម្រិតខ្ពស់បំផុតនោះទេ»។
គួរជម្រាបថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលអាមេរិកក្នុងការរឹតបន្តឹងការនាំចេញបន្ទះឈីប AI ទៅកាន់ប្រទេសចិន គឺមានគោលបំណងច្បាស់លាស់ក្នុងការទប់ស្កាត់ការរីកចម្រើនបច្ចេកវិទ្យារបស់ទីក្រុងប៉េកាំង។ ទោះជាយ៉ាងណាក៏ដោយ លោក Jensen Huang បានលើកឡើងពីហានិភ័យថា ការបិទទ្វារទីផ្សារដ៏ធំរបស់ចិនបែបនេះ អាចជាឧបសគ្គដែលធ្វើឱ្យសហរដ្ឋអាមេរិកបាត់បង់ទាំងអ្នកអភិវឌ្ឍន៍ និងទីផ្សារប្រកួតប្រជែងសំខាន់ៗ ដែលទីបំផុតអាចប៉ះពាល់ដល់ឱកាសឈ្នះក្នុងការប្រណាំង AI នាពេលអនាគត៕











