Google ត្រៀមវិនិយោគរាប់ពាន់លានដុល្លារនៅអាល្លឺម៉ង់ ផ្តោតលើមជ្ឈមណ្ឌលទិន្នន័យ និងថាមពលបៃតង (Video inside)

06-11-2025 16:39

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិក Google ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមប្រកាសពី ផែនការវិនិយោគដ៏ធំបំផុតមិនធ្លាប់មាន របស់ខ្លួននៅក្នុងប្រទេសអាល្លឺម៉ង់នៅសប្តាហ៍ក្រោយ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានធុរកិច្ច Handelsblatt គម្រោងដ៏មហិមានេះនឹងត្រូវបង្ហាញជាសាធារណៈនៅក្នុងសន្និសីទសារព័ត៌មានមួយនៅ ថ្ងៃទី ១១ ខែវិច្ឆិកា ដោយមានការចូលរួមពីតំណាងរដ្ឋាភិបាលគឺ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់លោក Lars Klingbeil ផងដែរ។ នេះបើយោងតាមការចេញផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Rueters នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥។

របាយការណ៍របស់ Handelsblatt ដែលដកស្រង់ពីឯកសារផ្ទៃក្នុងរបស់ Google បានបញ្ជាក់ថា គោលដៅចម្បងនៃផែនការនេះគឺការសាងសង់ «ហេដ្ឋារចនាសម្ព័ន្ធ និងមជ្ឈមណ្ឌលទិន្នន័យ (infrastructure and data centres)» ថ្មីៗ។ លើសពីនេះ Google ក៏នឹងជំរុញការអនុវត្តយ៉ាងខ្លាំងនូវ «គម្រោងនវានុវត្តន៍សម្រាប់ការប្រើប្រាស់ថាមពលកកើតឡើងវិញ និងកម្តៅកាកសំណល់» (innovative projects for the use of renewable energies and waste heat) ផងដែរ ដោយបង្ហាញពីការប្តេជ្ញាចិត្តចំពោះនិរន្តរភាពបរិស្ថាន និងការប្រើប្រាស់ថាមពលស្អាត។

ក្រៅពីការសាងសង់ថ្មី Google ក៏មានបំណងពង្រីកប្រតិបត្តិការនៅទីតាំងដែលមានស្រាប់របស់ខ្លួនក្នុងទីក្រុងធំៗរបស់អាល្លឺម៉ង់ ដូចជា ទីក្រុង Munich, Frankfurt និង Berlin។ ការវិនិយោគដ៏មហាសាលនេះត្រូវបានគេមើលឃើញថាជាសញ្ញាដ៏សំខាន់មួយនៃទំនុកចិត្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យាពិភពលោកលើទីផ្សារ និងអនាគតឌីជីថលដ៏រឹងមាំរបស់ប្រទេសអាល្លឺម៉ង់។ យ៉ាងណាមិញ ក្រុមហ៊ុន Google មិនទាន់បានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការអត្ថាធិប្បាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅឡើយទេ៕