កម្ពុជាដណ្ដើមបានមេដាយ ៥គ្រឿងបន្ថែម ក្នុងថ្ងៃទី៣ នៃជើងឯកវ៉ូវីណាមពិភពលោក ឆ្នាំ២០២៥
06-11-2025 20:04
(ភ្នំពេញ)៖ ក្រុមអត្តពលិកវ៉ូវីណាមកម្ពុជា បានកើនមេដាយដល់ ១៨គ្រឿងហើយ ក្រោយដណ្ដើមបានមេដាយ ៥គ្រឿងបន្ថែម ក្នុងការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៣ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។
មេដាយដែលកីឡាករ-កីឡាការិនីកម្ពុជា ទើបដណ្ដើមបានក្នុងការប្រកួតថ្ងៃទី៣ នៃព្រឹត្តិការណ៍ជើងឯកពិភពលោកខាងលើ រួមមានមេដាយមាស ១ ប្រាក់ ២ និងសំរឹទ្ធ ២ ។ សរុបការប្រកួតរយៈពេល ៣ថ្ងៃ កម្ពុជាដណ្ដើមបានមេដាយសរុប ១៨គ្រឿង រួមមានមេដាយមាស ៦ ប្រាក់ ៧ និងសំរឹទ្ធ ៥។
លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានឲ្យដឹងថា ការប្រកួតនេះ នៅសល់ ១ថ្ងៃទៀត ខណៈក្រុមអត្តពលិកកម្ពុជា នៅសល់ការប្រកួត ៦វិញ្ញាសាក្នុងដៃ ហើយលោកសង្ឃឹមថា ពួកគេនឹងបន្ដខំប្រឹងស្វែងរកមេដាយជូនជាតិបន្ថែម ពិសេសមេដាយមាស ដ្បិតបច្ចុប្បន្នកម្ពុជា ឈ្នះមេដាយមាស ៦គ្រឿង ស្មើកាលពីឆ្នាំ២០២៣ ហើយ៕








