ផ្ទុះបាតុកម្មនៅមុនជំនួបរវាង Villa និង Maccabi ខណៈប៉ូលីសជិត ១ពាន់នាក់ ត្រូវបានដាក់ពង្រាយ

07-11-2025 09:28

(បរទេស)៖ អ្នកគាំទ្របាល់ទាត់ច្រើនរយនាក់ បានសហការគ្នាតវ៉ាប្រឆាំងទៅនឹងក្រុមប៉ូលីស នៅមុនការប្រកួតរវាង Aston Villa និង Maccabi Tel Aviv ចាប់ផ្តើមនាយប់មិញ ក្នុងខណៈក្រុមមន្រ្តីប៉ូលីសប្រមាណជាង ៧០០នាក់ត្រូវបានដាក់ពង្រាយ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ក្នុងហេតុការណ៍នោះដែរ មនុស្សចំនួន ៦នាក់ត្រូវបានឃាត់ខ្លួន នៃកិច្ចសហប្រតិបត្តិការបង្រ្កាបរបស់ប៉ូលីសស្ថិតក្នុងទីក្រុង Birmingham ប្រទេសអង់គ្លេស មុនការប្រកួតក្របខណ្ឌទី២ អឺរ៉ុប UEFA Europa League 2025-26 ចាប់ផ្តើម។

ក្នុងចំណោមភាគច្រើននៃបាតុករទាំងនោះ គឺជាអ្នកគាំទ្រខាងប៉ាឡេស្ទីន ដែលបានលើកបដា និងទង់ជាតិនៅខាងក្រៅកីឡដ្ឋាន Villa Park ជាមួយគ្នាក្រុមអ្នកគាំទ្រខាងអ៉ីស្រាអែលមានចំនួនតិចតួច ក៏បានធ្វើព្យុះហយាត្រាឆ្ពោះទៅកីឡដ្ឋាននោះដែរ ដើម្បីជាការតវ៉ាប្រឆាំងទៅនឹងសេចក្តីសម្រេចដែលបានហាមឃាត់ ចំពោះអ្នកគាំទ្រក្រៅស្រុកចូលរួមទស្សនាការប្រកួតនេះ។

លោក Tom Joyce ដែលជាមន្រ្តីមេប៉ូលីសបានថ្លែងថា ការដាក់ពង្រាយប៉ូលីសដ៏ច្រើនបែបនេះ គឺដើម្បីឆ្លើយបតទៅនឹងភាពចាំបាច់ ក្នុងការទប់ស្កាត់ទៅនឹងក្រុមប្រឆាំងដែលមានច្រើនក្រុម និងរក្សាបានសណ្តាប់ធ្នាប់នៅមុនការប្រកួតចាប់ផ្តើ។

ជាលទ្ធផល ក្រុមលេងនៅ Premier League បានយកឈ្នះ Maccabi មកពីអ៉ីស្រាអែល ២-០ ឈរនៅលេខ៦ បណ្តោះអាសន្ន ស្របពេលភ្ញៀវនៅតែមិនអាចរកជ័យជម្នះបាននៅឡើយ ក្រោយឆ្លងកាត់ ៤ប្រកួតមកដូចគ្នា៕