Elon Musk គ្រោងសាងសង់រោងចក្រផលិតឈីប AI ធំជាងគេ ទំនងសហការជាមួយ Intel
07-11-2025 09:37
(បរទេស)៖ មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk ប្រកាសថា ក្រុមហ៊ុន Tesla មានផែនការសាងសង់រោងចក្រផលិតឈីបបញ្ញាសិប្បនិម្មិត (AI) ដ៏ធំមហិមា ដែលលោកហៅថា «Mega chip fab» ឬ «Terafab» ដើម្បីផលិតឈីបបច្ចេកវិទ្យាខ្ពស់សម្រាប់ប្រើនៅក្នុងប្រព័ន្ធដំណើរការបញ្ជូនដោយស្វ័យប្រវត្តិ និងបច្ចេកវិទ្យា AI របស់ក្រុមហ៊ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
Tesla ក៏បានបង្ហាញផែនការផលិតឈីបថ្មីៗរបស់ខ្លួនដូចជា៖ ឈីប AI5 ដែលនឹងចាប់ផ្តើមផលិតតាមកម្រិតតូចនៅឆ្នាំ២០២៦ ហើយផលិតបរិមាណធំនៅឆ្នាំ ២០២៧ និងឈីប AI6 ដែលរំពឹងថានឹងចេញនៅឆ្នាំ២០២៨។ Elon Musk ក៏បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងពិចារណាថា អាចសហការជាមួយ Intel ដើម្បីអភិវឌ្ឍន៍ ឬផលិតឈីបទាំងនេះ ប៉ុន្តែបច្ចុប្បន្នមិនទាន់មានកិច្ចព្រមព្រៀងផ្លូវការទេ។ Tesla នៅពេលនេះប្រើប្រាស់រោងចក្រផលិតឈីបរបស់ TSMC របស់តៃវ៉ាន់ និង Samsung របស់កូរ៉េខាងត្បូង ប៉ុន្តែ Elon Musk បាននិយាយថា ការផ្គត់ផ្គង់ពីរោងចក្រទាំងនោះអាចមិនគ្រប់គ្រាន់ទៀតទេ។ ដូច្នេះ Tesla ត្រូវការរក្សាការផ្គត់ផ្គង់ឈីបឲ្យមានស្ថិរភាព និងបន្ថយការពឹងផ្អែកលើបណ្តាប្រទេសក្រៅ។
Elon Musk បាននិយាយថា ឈីប AI5 របស់ Tesla អាចប្រើថាមពលតិចជាង៣ដង និងមានតម្លៃត្រឹមតែប្រហែល ១០% នៃឈីប «Blackwell» របស់ NVIDIA ដែលជាក្រុមហ៊ុនដឹកនាំទីផ្សារផ្នែកឈីប AI បច្ចុប្បន្ន។ សម្រាប់ Tesla, រោងចក្រផ្ទាល់ខ្លួននឹងអាចជួយឲ្យ Tesla គ្រប់គ្រងការផ្គត់ផ្គង់ឈីប AI ដោយខ្លួនឯង សម្រាប់ប្រើនៅក្នុងរថយន្តស្វ័យប្រវត្តិ និងរ៉ូបូត «Optimus» របស់ខ្លួន។ សម្រាប់ Intel, ប្រសិនបើមានការសហការពិតប្រាកដ វានឹងជាជោគជ័យដ៏សំខាន់សម្រាប់ផ្នែក «Intel Foundry» និងជួយឲ្យ Intel មានអតិថិជនធំជាបន្ថែម៕










