អាមេរិកហាមប្រាមបន្ទះឈីប AI B30A របស់ Nvidia មិនឱ្យចូលទីផ្សារចិនទៀតទេ

07-11-2025 11:29

(បរទេស)៖ សេតវិមានបានជូនដំណឹងដល់ទីភ្នាក់ងារសហព័ន្ធថា ខ្លួននឹងមិនអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nvidia លក់បន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) ដែលត្រូវបានកាត់បន្ថយសមត្ថភាពចុងក្រោយរបស់ខ្លួនទៅកាន់ប្រទេសចិននោះទេ។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន The Information ដែលត្រូវបានចេញផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

បន្ទះឈីបនេះមានឈ្មោះថា B30A ដែលត្រូវបានរចនាឡើងដើម្បីអាចប្រើសម្រាប់ការបណ្តុះបណ្តាលគំរូភាសាធំៗ (LLMs) នៅពេលដែលវាត្រូវបានរៀបចំជាចង្កោមធំៗ ដែលជាសមត្ថភាពដ៏សំខាន់សម្រាប់ក្រុមហ៊ុនចិន។ របាយការណ៍បានឱ្យដឹងថា Nvidia បានផ្តល់គំរូនៃបន្ទះឈីបនេះដល់អតិថិជនចិនមួយចំនួនរួចហើយ។

ការសម្រេចចិត្តនេះបង្ហាញពីការពង្រឹងការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកទៅលើការនាំចេញបច្ចេកវិទ្យា AI កម្រិតខ្ពស់ទៅកាន់ទីក្រុងប៉េកាំង។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍បានបន្ថែមថា ក្រុមហ៊ុន Nvidia កំពុងតែធ្វើការកែប្រែលើការរចនាបន្ទះឈីប B30A ដោយសង្ឃឹមថារដ្ឋបាលអាមេរិកនឹងពិចារណាឡើងវិញនូវជំហររបស់ខ្លួន។

ឆ្លើយតបនឹងការរឹតបន្តឹងនេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Nvidia បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ក្រុមហ៊ុនមាន «ចំណែកសូន្យនៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងខ្ពស់របស់ប្រទេសចិនសម្រាប់ផ្នែកមជ្ឈមណ្ឌលទិន្នន័យកុំព្យូទ័រ (datacenter compute) ហើយមិនបានរាប់បញ្ចូលចំណែកនេះនៅក្នុងការព្យាករណ៍ណែនាំ (guidance)» របស់ខ្លួននោះទេ។ គិតត្រឹមពេលចេញផ្សាយព័ត៌មាន សេតវិមានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅឡើយទេ៕