Ronaldo ចង់ជួប និងចង់ឱ្យប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ផ្លាស់ប្តូរពិភពលោក
07-11-2025 11:34
(បរទេស)៖ តារាបាល់ទាត់លំដាប់កំពូលពិភពលោក Cristiano Ronaldo បានបង្ហាញមហិច្ឆតាជួប និងចង់ឱ្យប្រធានាធិបតី Donald Trump របស់សហរដ្ឋអាមេរិក ក្នុងការផ្លាស់ប្តូរពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ realiytea។
Ronaldo បាននិយាយថា «មានតែលោក Donald Trump ម្នាក់តែប៉ុណ្ណោះដែលអាចធ្វើការផ្លាស់ប្តូរ ក៏ដូចជាជួយពិភពលោកនេះបាន»។
ក្នុងន័យនេះ ប្រធានក្រុមជម្រើសជាតិបច្ចខែលព័រទុយហ្គាល់ វ័យជាង ៤០ឆ្នាំរូបនេះ ពុំបានបង្ហាញរបៀបវារៈគាំទ្រនយោបាយជាក់លាក់ណាមួយឡើយ តាមរយៈសន្តិភាព មិនស្តែងចេញពីការលេងបាល់ទាត់ឈានដល់កម្រិតកំពូលរបស់លោកនោះទេ។
កន្លងមក Ronaldo មានការកោតសរសើរចំពោះប្រធានាធិបតីអាមេរិក Donald Trump ជាខ្លាំង ដែលរូបគាត់មានការជឿជាក់ទៅលើបុរសវ័យក្បែរ ៨០ឆ្នាំ បើទោះបីជាមានចំណុចខ្លះមានភាពសាមញ្ញដូចគ្នា និងខ្លះទៀតខុសគ្នា តាមរយៈឥទ្ធិពលនៃអំណាចប្រធានាធិបតី និងជាមនុស្សតែម្នាក់គត់ ដែលអាចសម្រេច និងពាំនាំមកនូវសន្តិភាពពិភពលោកបាន។
Ronaldo បានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយលោក Piers Morgan នាពេលថ្មីៗនេះថា «ខ្ញុំចង់ជួបលោក Trump នៅថ្ងៃណាមួយ ក៏ព្រោះតែគាត់ គឺជាមនុស្សមួយរូបដែលខ្ញុំពិតជាចូលចិត្ត និងមានរឿងពិសេស ២ក្នុងការចែករំលែកនាឱកាសនោះដែរ»។
ក្រៅពីនោះ Ronaldo ក៏បានបង្ហើបពីគម្រោងចូលនិវត្តន៍នាឆាប់ៗនេះដែរ ដោយពុំបានបញ្ជាក់ច្បាស់ថាពេលណាទេ។ ខ្សែប្រយុទ្ធចាស់វស្សាដែលកំពុងប្រកបអាជីពនៅក្លឹប Al-Nassr រូបនេះបានឈ្នះពានរង្វាន់ស្ទើរតែទាំងអស់ មិនថាក្នុងក្លឹប និងជម្រើសជាតិ រួមទាំងពានឯកត្តជនឡើយ លើកលែងតែពាន FIFA World Cup មួយគត់។ Ronaldo មានក្តីរំពឹងបង្ហាញខ្លួននៅ World Cup 2026 ដែលមានសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ធ្វើម្ចាស់ផ្ទះរួមគ្នា ដែលជាការបង្ហាញលើកទី៦ ក្នុងកម្មវិធី ៤ឆ្នាំម្តងនេះ៕





