Google គ្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យ AI ខ្នាតយក្ស នៅលើកោះតូចមួយរបស់អូស្ត្រាលី តាមដានសកម្មភាពចិន
07-11-2025 12:59
(បរទេស)៖ ក្រុមហ៊ុន Google កំពុងរៀបចំផែនការសាងសង់មជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិត (AI) ដ៏ធំមួយនៅលើកោះ Christmas Island របស់អូស្ត្រាលី ដែលស្ថិតនៅដាច់ស្រយាលក្នុងមហាសមុទ្រឥណ្ឌា។ នេះបើយោងតាមឯកសារដែលត្រូវបានពិនិត្យដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីក្រុមហ៊ុន Google បានចុះកិច្ចព្រមព្រៀងសេវា cloud ជាមួយក្រសួងការពារជាតិអូស្ត្រាលីនៅដើមឆ្នាំនេះ។
កោះនេះមានទីតាំងយុទ្ធសាស្ត្រ ដោយស្ថិតនៅចម្ងាយប្រមាណ ៣៥០ គីឡូម៉ែត្រភាគខាងត្បូងប្រទេសឥណ្ឌូណេស៊ី។ យ៉ាងណាមិញ ព័ត៌មានលម្អិតអំពីទំហំ ថ្លៃដើម និងការប្រើប្រាស់ជាក់លាក់នៃហេដ្ឋារចនាសម្ព័ន្ធនេះនៅតែរក្សាជាការសម្ងាត់។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញយោធាបានលើកឡើងថា មជ្ឈមណ្ឌលនេះនឹងក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់អូស្ត្រាលី ដោយសារមន្ត្រីការពារជាតិបានមើលឃើញកោះនេះថាជា «ជួរមុខដ៏សំខាន់ក្នុងការតាមដាននាវាមុជទឹកចិន និងសកម្មភាពកងទ័ពជើងទឹកផ្សេងទៀតនៅក្នុងមហាសមុទ្រឥណ្ឌា»។
គួរជម្រាបថា បច្ចុប្បន្ន Google កំពុងស្ថិតក្នុងការចរចាកម្រិតខ្ពស់ជាមួយមន្ត្រីមូលដ្ឋាន ដើម្បីជួលដីនៅក្បែរព្រលានយន្តហោះកោះនេះ និងបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរ៉ែក្នុងស្រុកមួយដើម្បីធានាការផ្គត់ផ្គង់ថាមពលផងដែរ។ តែទោះបីជាយ៉ាងនេះក្តី ក្រុមហ៊ុន Google ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alphabet Inc បានបដិសេធមិនធ្វើអត្ថាធិប្បាយសម្រាប់សាច់រឿងនេះទេ។
ចំណែកឯក្រសួងការពារជាតិអូស្ត្រាលី ក៏មិនមានការអត្ថាធិប្បាយអ្វីអំពីផែនការសាងសង់មជ្ឈមណ្ឌលទិន្នន័យនេះដែរ៕












