សេវាកម្ម Streaming របស់ Apple ត្រូវបានស្ដារឡើងវិញ ក្រោយជួបការរំខាន
07-11-2025 13:44
(បរទេស)៖ ក្រុមហ៊ុន Apple បានស្ដារឡើងវិញនូវសេវាកម្ម Streaming របស់ខ្លួនរួមមាន Apple TV, Apple Music និង Apple Arcade, បន្ទាប់ពីសេវាកម្មទាំងនេះជួបការរំខានក្នុងរយៈពេលខ្លីនៅយប់ថ្ងៃព្រហស្បតិ៍នៅសហរដ្ឋអាមេរិក។ នេបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥។
តាមរបាយការណ៍ពីគេហទំព័រ Downdetector បានឲ្យដឹងថា មានអ្នកប្រើប្រាស់ប្រមាណ ១៥,០០០ នាក់ បានរាយការណ៍ថា ពួកគេជួបបញ្ហាជាមួយសេវារបស់ Apple ហើយក្រោយមកចំនួនអ្នកប៉ះពាល់នោះបានថយចុះទៅត្រឹមប្រហែល ២០៨ នាក់ បន្ទាប់ពីសេវាត្រូវបានស្ដារឡើងវិញ។
គេហទំព័រ ស្ថានភាពប្រព័ន្ធ (System Status) របស់ Apple ក៏បានបង្ហាញថា សេវាទាំងអស់ត្រូវបានស្ដារឡើងវិញហើយផងដែរ។ អ្នកវិភាគបានឲ្យដឹងថា សូម្បីតែក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Apple ក៏អាចជួបការរំខានក្នុងការផ្តល់សេវាបានដែរ។ ការរំខានបែបនេះអាចប៉ះពាល់ដល់អ្នកប្រើប្រាស់ដែលពឹងផ្អែកលើប្រព័ន្ធ Streaming និងតន្ត្រីរបស់ Apple ជារៀងរាល់ថ្ងៃ។
ទោះជាយ៉ាងណា បច្ចុប្បន្ននេះ Apple មិនទាន់បង្ហាញពីមូលហេតុពិតប្រាកដនៃការរំខាននោះនៅឡើយទេ។ អ្នកប្រើប្រាស់ដែលនៅតែជួបបញ្ហា ដូចជាមិនអាចចូលប្រើបាន ឬ Streaming មិនមានស្ថិរភាព អាចចូលពិនិត្យតាម គេហទំព័រ System Status របស់ Apple ឬព្យាយាមធ្វើបច្ចុប្បន្នភាពកម្មវិធីឡើងវិញ៕











