កម្ពុជា និងរុស្ស៊ីចុះ MOU លើកិច្ចសហប្រតិបត្តិការ ៣ចំណុច ទាំងកីឡា និងការទូត

07-11-2025 13:53

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងគណៈកម្មាធិការជាតិអូឡាំពិករុស្ស៊ី បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា(MOU) លើកិច្ចសហប្រតិបត្តិការ ៣ចំណុចសំខាន់ ដើម្បីបង្ហាញពីការគាំទ្រគ្នាទៅវិញទៅមក ទាំងការជំរុញការអភិវឌ្ឍកីឡាជំនាញ កីឡាប្រពៃណី និងការទូតកីឡា។

ពិធីចុះហត្ថលេខាធិការនេះ បានធ្វើឡើងក្រោមវត្តមានលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC តំណាងលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមន្ដ្រីជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិករុស្ស៊ី នៅទីក្រុង Samara ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធកន្លងទៅ

កិច្ចសហប្រិតបត្តិការ ៣ចំណុច ដែលភាគីទាំងពីរ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាខាងលើ រួមមាន៖

១. ការផ្លាស់ប្តូរចំណេះដឹងក្នុងការសិក្សាស្រាវជ្រាវ វិទ្យាសាស្រ្តកីឡាលើការហ្វឹកហាត់កីឡាកម្រិតខ្ពស់ និងបង្កើតឲ្យមានការប្រកួតជាមិត្តភាព ក្នុងន័យពង្រឹងបច្ចេកទេសកីឡា។
២. ការពង្រឹងកិច្ចគាំទ្រលើការទូតកីឡាក្នុងគ្រប់វេទិកាចលនាអូឡាំពិក។
៣. ការពង្រឹងកិច្ចសហការអភិវឌ្ឍន៍លើកីឡាប្រពៃណីអត្តសញ្ញាណជាតិនៃប្រទេសទាំងពីរ ពិសេសគុនខ្មែរ និងគុនល្បុក្កតោ។

នេះជាកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង រុស្ស៊ី ឆ្លើយតបជំនួបសវនការ រវាងលោកបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក Annatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា កាលពីខែមិថុនាកន្លងទៅ ដែលបានជួបពិភាក្សាផ្ដោតលើការកិច្ចសហប្រតិបត្តិការលើចលនាអូឡាំពិក និង ប៉ារ៉ាឡាំពិក ក៏ដូចជាទំនាក់ទំនង ការគាំទ្រគ្នាទៅវិញទៅមកនៅលើការងារការទូតកីឡា៕