ព្រះរាជអាជ្ញាទួរគី បញ្ជាឱ្យចាប់ខ្លួនអាជ្ញាកណ្តាល ១៧នាក់ និងប្រធានក្លឹប ពីបទការភ្នាល់បាល់ទាត់

07-11-2025 14:35

(ទួរគី)៖ ព្រះរាជអាជ្ញាទួរគី បានសម្រេចចេញបញ្ជាឱ្យចាឃុំខ្លួនមនុស្សសរុប ២១នាក់ រួមទាំងអាជ្ញាកណ្តាល ១៧នាក់ ជាមួយនិងប្រធានក្លឹបដែលមិនបញ្ចេញឈ្មោះ ក្នុងបទជាប់ពាក់ព័ន្ទនៃផ្នែកមួយនៅការស៊ើបអង្កេតលើការចោទប្រកាន់ពីបទភ្នាល់លើការប្រកួតបាល់ទាត់។

ក្នុងរបាយការណ៍បន្តថា រហូតមកដល់ពេលនេះ ជនសង្ស័យចំនួន ១៨នាក់ក្នុងចំណោម ២១នាក់ត្រូវបានឃុំខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Anadolu ដែលគ្រប់គ្រងដោយរដ្ឋទួរគី ។

សូមជម្រាបផងថា មុនការប្រកាសចាប់ឃុំខ្លួនមនុស្ស ២១នាក់នេះ គឺធ្វើឡើងក្រោមការស៊ើបអង្កេតមួយ បន្ទាប់ពីសហព័ន្ធបាល់ទាត់ទួរគី (TFF) បានសម្រេចពិន័យព្យួរអាជ្ញាកណ្តាល និងជំនួយការអាជ្ញាកណ្តាលចំនួន ១៤៩នាក់ ដែលបានរកឃើញថាមន្ត្រីទាំងអស់នោះ ដែលធ្វើការនៅក្នុងលីគអាជីពរបស់ប្រទេសនេះមានការជាប់ពាក់ព័ន្ធល្បែងភ្នាល់លើការប្រកួតបាល់ទាត់។

ស្ថិតក្នុងករណីនេះ ការិយាល័យព្រះរាជអាជ្ញាជាន់ខ្ពស់នៃទីក្រុងអ៊ីស្តង់ប៊ុល បានឱ្យដឹងថា ការឃុំខ្លួនអាជ្ញាកណ្តាលទាំង ១៧នាក់ គឺដោយសារការទង្វើរំលោភកាតព្វកិច្ច និងការរៀបចំលទ្ធផលការប្រកួត។ ជាមួយគ្នានោះ ប្រធានក្លឹបស្ថិតលីគ Super Lig ម្នាក់ រួមជាមួយអតីតម្ចាស់ក្លឹបម្នាក់ និងអតីតប្រធានសមាគមម្នាក់ក៏ត្រូវបានបញ្ជាឲ្យចាប់ឃុំខ្លួនផងដែរ ពីបទកំណត់លទ្ធផលប្រកួត។

ហើយនៅក្នុងសេចក្តីថ្លែងការណ៍ ក៏បានឱ្យដឹងថា មនុស្សម្នាក់ទៀតប្រឈមនឹងការចាប់ខ្លួនដោយសារការផ្សព្វផ្សាយព័ត៌មានបំភាន់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ៕