ទីបំផុត! ម្ចាស់ភាគហ៊ុន Tesla យល់ព្រមឲ្យប្រាក់ឧបត្ថម្ភ ១ទ្រីលានដុល្លារទៅ Elon Musk

07-11-2025 14:52

(បរទេស)៖ ក្នុងការប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ក្រុមហ៊ុន Tesla ដែលប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុង Austin រដ្ឋ Texas បានអនុម័តផែនការប្រាក់ឧបត្ថម្ភរយៈពេលវែងសម្រាប់នាយកប្រតិបត្ត Elon Musk ដែលអាចមានតម្លៃដល់ទៅ ១ទ្រីលានដុល្លារអាមេរិក។ តាមរបាយការណ៍របស់ Reuters ការបោះឆ្នោតអនុម័តនេះទទួលបានការគាំទ្រពីម្ចាស់ភាគហ៊ុនជាង ៧៥ ភាគរយ។

លក្ខខណ្ឌនៃផែនការឧបត្ថម្ភរួមមាន
* ប្រាក់ឧបត្ថម្ភតម្លៃដល់ ១ ទ្រីលានដុល្លារ នឹងត្រូវផ្តល់ជាភាគហ៊ុន ប្រសិនបើ Tesla អាចសម្រេចបានគោលដៅជាច្រើនដែលបានកំណត់ជាមុន។
* ប្រសិនបើគោលដៅទាំងអស់ត្រូវបានបំពេញ Elon Musk អាចទទួលបានភាគហ៊ុនប្រហែល ១២% នៃក្រុមហ៊ុន Tesla។
* គោលដៅសំខាន់ៗរួមមាន៖ ការផ្តល់ជូនរថយន្តអគ្គិសនីប្រមាណ ២០លានគ្រឿង, ការបើកដំណើរការ រថយន្តរ៉ូបូតតាក់ស៊ីប្រមាណ ១លានគ្រឿង, ការលក់ មនុស្សយន្តមប្រមាណ ១លានគ្រឿង តាមរយៈអាជីវកម្មរ៉ូបូតរបស់ Tesla និងតម្លៃទីផ្សាររបស់ Tesla ត្រូវឡើងពីប្រមាណ ១.៥ ទ្រីលានដុល្លារ ឡើងដល់ប្រមាណ ៨.៥ ទ្រីលានដុល្លារ។

តម្លៃសុទ្ធនៃសំណើប្រាក់ឧបត្ថម្ភនេះត្រូវបានប៉ាន់ស្មានថាមានប្រមាណ ៨៧៨ ពាន់លានដុល្លារ បន្ទាប់ពីដកតម្លៃភាគហ៊ុននិងពន្ធផ្សេងៗ។ ប្រសិនបើផែនការនេះត្រូវបានអនុវត្តបានពេញលេញ វានឹងក្លាយជា កិច្ចសន្យាប្រាក់ឧបត្ថម្ភនាយកប្រតិបត្តិក្រុមហ៊ុនធំជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ និងអាចធ្វើឲ្យ Elon Musk ក្លាយជាបុគ្គលដំបូងដែលមានទ្រព្យសម្បត្តិជិត ១ទ្រីលានដុល្លារពីក្រុមហ៊ុនតែមួយ។ ការអនុម័តនេះបង្ហាញពីការគាំទ្រយ៉ាងខ្លាំងពីម្ចាស់ភាគហ៊ុនចំពោះចក្ខុវិស័យរយៈពេលវែងរបស់ Musk ដែលមានគោលបំណងបំលែង Tesla ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ទៅជាក្រុមហ៊ុនបច្ចេកវិទ្យាអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) និង រ៉ូបូតស្វ័យប្រវត្តិ។

យ៉ាងណាមិញ ក្រុមអ្នកវិនិយោគធំៗ និងអ្នកត្រួតពិនិត្យអភិបាលកិច្ចខ្លះៗ បានបង្ហាញការព្រួយបារម្ភអំពីការកាន់កាប់ភាគហ៊ុន និងអំណាចរបស់ Elon Musk ដែលអាចកើនឡើងខ្លាំងក្រោមផែនការនេះ៕