កម្ពុជាបំបែកកំណត់ត្រាឈ្នះមេដាយជើងឯកពិភពលោកច្រើនជាងមុន ស្របពេលលោក អ៊ូ រតនា ជាប់ជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាស៊ីអាគ្នេយ៍

07-11-2025 16:02

(ភ្នំពេញ)៖ ក្រុមអត្តពលិកកីឡាវ៉ូវីណាមកម្ពុជា បានបញ្ចប់យុទ្ធនាការប្រកួតជើងឯកពិភពលោក លើកទី៨ ឆ្នាំ២០២៥ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីហើយ ដោយដណ្ដើមបានមេដាយសរុប ២៣គ្រឿង (មាស ៧ ប្រាក់ ១១ និងសំរឹទ្ធ ៥) ដែលជាសមិទ្ធផលបំបែកកំណត់ត្រាមេដាយឆ្នាំចាស់ បើធៀបនឹងឆ្នាំ២០២៣ ដែលកម្ពុជា ដណ្ដើមបានមេដាយសរុប ២០គ្រឿង(មាស ៦ ប្រាក់ ៥ និងសំរឹទ្ធ ៥)។

ទន្ទឹមជាមួយភាពជោគជ័យផ្នែកបច្ចេកទេស នៃការប្រកួតប្រជែងរបស់កីឡាករ-កីឡាការិនីកម្ពុជានេះដែរ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ក៏ត្រូវបានបោះឆ្នោតជាប់ជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាស៊ីអាគ្នេយ៍ នាអាណត្តិថ្មីផងដែរ។

គួរដឹងថា កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនី ២៩រូប ចូលរួមប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោក លើកទី៨ លើ ២៦វិញ្ញាសា នៅកោះបាលី បានចេញដំណើរកាលពីថ្ងៃទី៣១ ខែវិច្ឆិកា រួមជាមួយប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងអាជ្ញាកណ្ដាលសរុបប្រមាណ ៤០នាក់ មុនចាប់ផ្ដើមការប្រកួតផ្លូវការពីថ្ងៃទី៤-៧ ខែវិច្ឆិកានេះ ខណៈនៅថ្ងៃចុងក្រោយនេះ កម្ពុជា ដណ្ដើមបានមេដាយ ៥គ្រឿងទៀត រួមមានមេដាយមាស ១ និងប្រាក់ ៤។

សរុបការប្រកួតរយៈពេល ៤ថ្ងៃ កម្ពុជា ដណ្ដើមបានមេដាយសរុប ២៣គ្រឿង (មាស ៧ ប្រាក់ ១១ និងសំរឹទ្ធ ៥) ដែលធ្វើឲ្យកម្ពុជា រក្សាបានចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម ២៩ប្រទេស គ្រាដែលលេខ១ បានទៅវៀតណាម ដែលជាម្ចាស់ក្បាច់គុនដណ្ដើមបានមេដាយច្រើនជាងគេ និងលេខ២ បានទៅក្រុមកីឡាវ៉ូវីណាមមកពីប្រទេសអាល់សេរីដដែល។

លោក អ៊ូ រតនា បានវាយតម្លៃខ្ពស់ ចំពោះការខំប្រឹងរបស់កីឡាករ-កីឡាការិនីទាំងអស់ ទាំងរាមច្បង និងកីឡាករ-កីឡាការិនីវ័យក្មេង ដែលទើបមានឱកាសចូលរួមជើងឯកពិភពលោកលើកដំបូង តែពួកគេធ្វើបានយ៉ាងល្អ រហូតសម្រេចបានមេដាយជូនជាតិ ពិសេសការបំបែកកំណត់ត្រាឈ្នះមេដាយមាសច្រើនជាងមុន ហើយមេដាយប្រាក់ ក៏កើនឡើងច្រើន ដែលជាសញ្ញាណវិជ្ជមានបង្ហាញឲ្យឃើញពីភាពរីកចម្រើននៃវិស័យកីឡាវ៉ូវីណាមកម្ពុជា៕