Starlink ចុះកិច្ចព្រមព្រៀងដ៏ធំបំផុតជាមួយ Veon ផ្គត់ផ្គង់សេវាផ្កាយរណបដល់អតិថិជនជាង ១៥០ លាននាក់

08-11-2025 07:36

(បរទេស)៖ ក្រុមហ៊ុន Starlink របស់លោក Elon Musk ដែលជាបុត្រសម្ព័ន្ធរបស់ SpaceX ទើបតែសម្រេចបាននូវកិច្ចព្រមព្រៀង «Direct-to-Cell» ដ៏ធំបំផុតរបស់ខ្លួនជាមួយក្រុមហ៊ុនទូរគមនាគមន៍ Veon។ កិច្ចព្រមព្រៀងនេះនឹងផ្តល់លទ្ធភាពឱ្យ Starlink អាចតភ្ជាប់ទៅកាន់បណ្តាញទូរស័ព្ទរបស់អតិថិជនដែលមានសក្តានុពលជាង ១៥០ លាននាក់ ដែលស្ថិតនៅក្នុងប្រទេសចំនួន ៥ រួមមាន៖ កាហ្សាក់ស្ថាន អ៊ុយក្រែន ប៉ាគីស្ថាន បង់ក្លាដែស និងអូសបេគីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

បច្ចេកវិទ្យា Direct-to-Cell អនុញ្ញាតឱ្យទូរស័ព្ទធម្មតាអាចភ្ជាប់ដោយផ្ទាល់ទៅបណ្តាញផ្កាយរណប ដោយមិនចាំបាច់មានឧបករណ៍បន្ថែម ដែលជួយបិទគម្លាតនៃការគ្របដណ្តប់សេវាកម្មនៅតំបន់ដាច់ស្រយាលនោះទេ។ ក្រុមហ៊ុន Veon នឹងបញ្ចូលសេវាកម្មរបស់ Starlink ទៅក្នុងបណ្តាញរបស់ខ្លួន ដោយចាប់ផ្តើមជាមួយប្រតិបត្តិករ Kyivstar នៅអ៊ុយក្រែននៅត្រីមាសទី ៤ ឆ្នាំ២០២៥ និង Beeline នៅកាហ្សាក់ស្ថាននៅឆ្នាំ ២០២៦។ លោក Ilya Polshakov នាយកផ្នែកអាជីវកម្មថ្មីរបស់ Kyivstar បានប្រាប់ Reuters ថា៖ «នេះគឺជាភាពជាដៃគូដ៏ធំបំផុតទាក់ទងនឹងមូលដ្ឋានអតិថិជនដែលអាចសម្រេចបាននៅលើពិភពលោក។ នឹងមានការប្រកាសបន្ថែមទៀតក្នុងពេលឆាប់ៗនេះ»។

ទោះជាយ៉ាងនេះក្តី កិច្ចព្រមព្រៀងនេះនៅតែមិនផ្តាច់មុខ ដែលអនុញ្ញាតឱ្យ Veon បន្តចរចាជាមួយគូប្រជែងផ្សេងទៀត ដូចជា Project Kuiper របស់ Amazon និង AST SpaceMobile ដែលរំពឹងថានឹងដាក់ឱ្យដំណើរការពាណិជ្ជកម្មនៅឆ្នាំ ២០២៦។ លោក Polshakov បានលើកឡើងពីមូលហេតុនៃការចាប់ដៃជាមួយ Starlink មុនគូប្រជែងថា៖ «ផែនការទាំងនេះជាមួយក្រុមហ៊ុនដទៃទៀតនឹងកើតឡើងនៅឆ្នាំ ២០២៧, ២០២៨។ ខ្ញុំមិនចង់រង់ចាំទេ។ ខ្ញុំចង់អភិវឌ្ឍអាជីវកម្មនៅថ្ងៃនេះ»

ដើម្បីពង្រឹងកម្លាំងរបស់ខ្លួន Starlink ដែលមានអ្នកប្រើប្រាស់សរុបជាង ៧ លាននាក់ ក៏ទើបតែទទួលបានកិច្ចព្រមព្រៀងពីក្រុមហ៊ុន EchoStar ដើម្បីទិញសិទ្ធិប្រើប្រាស់រលកធាតុអាកាសបន្ថែមនៅអាមេរិកក្នុងតម្លៃ ២.៦ ពាន់លានដុល្លារ ផងដែរ៕