Meta​ ប្រកាសវិនិយោគជាង ៦០០ ពាន់លានដុល្លារ​អាមេរិក អភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យសម្រាប់បញ្ញាសិប្បនិម្មិត (AI)

08-11-2025 07:45

(បរទេស)៖​ Meta​ ប្រកាសវិនិយោគជាង ៦០០ ពាន់លានដុល្លារ​អាមេរិក ក្នុងរយៈពេលពីរបីឆ្នាំខាងមុខ ដើម្បីអភិវឌ្ឍបណ្ដាញហេដ្ឋារចនាសម្ព័ន្ធ ការងារ និងជាពិសេសមជ្ឈមណ្ឌលទិន្នន័យសម្រាប់បញ្ញាសិប្បនិម្មិត (AI)។

តាមរបាយការណ៍​ បានឲ្យដឹងថា​ ការវិនិយោគនេះនឹងត្រូវអនុវត្តមុនឆ្នាំ ២០២៨​សម្រាប់ប្រតិបត្តិការរបស់ Meta នៅអាមេរិក។​ Meta បានពិពណ៌នាថា វាជាការរៀបចំសម្រាប់ការកើនឡើងនៃតម្រូវការបញ្ញាសិប្បនិម្មិត “ក្នុងករណីល្អបំផុត”។​ ផ្នែកមួយនៃគម្រោងនេះរួមមាន ស្ថាបនាមជ្ឈមណ្ឌលទិន្នន័យធំៗ ការបង្កើតការងារ កម្មវិធីថាមពលស្អាត ការសន្សំទឹក និងមូលនិធិសហគមន៍។​ នេះជាការប្តេជ្ញាធំបំផុតមួយ ដែលបង្ហាញថា ក្រុមហ៊ុនជឿជាក់ថា ហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (ដូចជា​មជ្ឈមណ្ឌលទិន្នន័យ និងប្រព័ន្ធគណនាកុំព្យូទ័រ) នឹងក្លាយជាបេះដូងនៃអាជីវកម្មរបស់ខ្លួននៅអនាគត។ វាក៏ជាការវិនិយោគធំមួយបំផុតដែលបង្ហាញថា ការអភិវឌ្ឍបញ្ញាសិប្បនិម្មិត មិនមែនជារឿងកម្មវិធីតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវការមូលធនធំនៅផ្នែកឧបករណ៍ និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។​ មជ្ឈមណ្ឌលទិន្នន័យនេះនឹងនាំមកនូវការងារសំណង់ ការងារប្រតិបត្តិ ប្រភេទសេវាកម្មជាច្រើន និងការកែលម្អបណ្តាញអគ្គិសនី និងសេវាសាធារណៈក្នុងតំបន់។​ Meta បានភ្ជាប់គម្រោងនេះជាមួយថាមពលស្អាត ការកែលម្អបណ្តាញអគ្គិសនី និងការកាត់បន្ថយការប្រើទឹក ដើម្បីបង្កើនចីរភាព។

គួរជម្រាបថា​ Meta ត្រូវប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗដូចជា Google និង Microsoft។ ប្រសិនបើវិស័យ AI របស់ខ្លួនបរាជ័យ អាចនាំឲ្យហេដ្ឋារចនាសម្ព័ន្ធមិនត្រូវបានប្រើប្រាស់ពេញលេញ។​ ក្រៅពីនេះ​ ងាកកបញ្ហាស្ថានភាពសេដ្ឋកិច្ចសកលដូចជា​វិបត្តិសេដ្ឋកិច្ច ការផ្លាស់ប្តូរគោលនយោបាយ សង្វាក់ផ្គត់ផ្គង់ និងតម្លៃថាមពល អាចមានឥទ្ធិពលដល់គម្រោងនេះផងដែរ។